ខេត្តកំពង់ស្ពឺ – កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺបានចាប់ខ្លួនជនសង្ស័យចំនួន៣នាក់ដែលពាក់ព័ន្ធនឹងករណីរំលោភលើទំនុកចិត្ត ធ្វើឱ្យខូចខាតដោយចេតនា និងទទួលផលចោរកម្ម។

ការចាប់ខ្លួននេះធ្វើឡើងក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ។

តាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ រ័ត្ន ដែលដាក់ថ្ងៃទី៤ មេសា ២០២៦ បានប្ដឹងថា បុគ្គលម្នាក់ឈ្មោះ កួយ ភារិទ្ធ និងបក្សពួកបានលួចយកម៉ូតូរបស់គាត់ ម៉ាកហុងដា សេរីឆ្នាំ២០២៤ ពណ៌ឈាមជ្រូក រួចរត់គេចខ្លួន។

នៅថ្ងៃទី៨ មេសា ឆ្នាំ២០២៦ វេលាម៉ោង០៤:០៧នាទីល្ងាច កម្លាំងអាវុធហត្ថក្រុងច្បារមនបានចាប់ខ្លួនជនសង្ស័យទី១ ឈ្មោះ កួយ ភារិទ្ធ អាយុ១៦ឆ្នាំ នៅផ្ទះជួលមួយកន្លែងក្នុងភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន។

ក្រោយមក អាវុធហត្ថបានបន្តចាប់ខ្លួនជនសង្ស័យទី២ ឈ្មោះ ហាក់ ដារ៉ាវុធ (ហៅម៉ុក) នៅស្រុកភ្នំស្រួច ដែលជាអ្នកយកម៉ូតូបន្តនៅយប់ថ្ងៃទី៧ មេសា។

នៅវេលាម៉ោង១៧:១៥នាទី នៅថ្ងៃដដែល អាវុធហត្ថបានចាប់ខ្លួនជនសង្ស័យទី៣ ឈ្មោះ ហ៊ា សក្កដា អាយុ១៩ឆ្នាំ មុខរបរលក់ចាប់ហ៊ួយ នៅភូមិអន្លុងភេ ឃុំត្រពាំងល្វា ស្រុកសាមគ្គីមុនីជ័យ។

អាវុធហត្ថបានដកហូតវត្ថុតាងរួមមាន៖ ម៉ូតូ១គ្រឿង ម៉ាក Honda Dream សេរីឆ្នាំ២០២៤ ពណ៌ឈាមជ្រូក។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ រួមជាមួយវត្ថុតាង ត្រូវបានកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី។

