អ៊ីរ៉ង់មិនទាន់បញ្ជូនប្រតិភូទៅប៉ាគីស្ថាន ចំពោះកិច្ចចរចាសន្តិភាពជាមួយអាមេរិក

អ៊ីរ៉ង់មិនទាន់បញ្ជូនប្រតិភូទៅប៉ាគីស្ថាន ចំពោះកិច្ចចរចាសន្តិភាពជាមួយអាមេរិក

កិច្ចចរចាសន្តិភាពអាមេរិក-អ៊ីរ៉ង់

ភាគីអាមេរិកបានប្រកាសរួចហើយពីការបញ្ជូនគណៈប្រតិភូទៅកាន់ប្រទេសប៉ាគីស្ថាន ដើម្បីចូលរួមកិច្ចចរចាសន្តិភាពអាមេរិក-អ៊ីរ៉ង់ជុំទី២ ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃពុធនេះ។ ប៉ុន្តែភាគីអ៊ីរ៉ង់នៅតែស្ងាត់ឈឹង ហើយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងតេហេរ៉ង់បានអះអាងថា មិនទាន់មានប្រតិភូណាម្នាក់ធ្វើដំណើរចេញពីប្រទេសនៅឡើយទេ គិតត្រឹមរសៀលថ្ងៃអង្គារ។

តាមសេចក្តីរាយការណ៍ពីសារព័ត៌មាន IRIB និង Al Jazeera ក្រសួងការបរទេសនិងរដ្ឋសភាអ៊ីរ៉ង់បានបញ្ជាក់ថា គ្មានប្រតិភូអ៊ីរ៉ង់ណាម្នាក់ត្រូវបានបញ្ជូនទៅកាន់ទីក្រុងអ៊ីស្លាមម៉ាបាដ ប្រទេសប៉ាគីស្ថាន ដើម្បីចរចាជាមួយអាមេរិកទេ។ ការចាត់តាំងពីដំបូងបានបង្ហាញថា ប្រធានរដ្ឋសភាអ៊ីរ៉ង់ Mohammad Bagher Ghalibaf និងរដ្ឋមន្ត្រីការបរទេស Abbas Araghchi គឺជាអ្នកដឹកនាំគណៈប្រតិភូ។

ស្ថានភាពតានតឹងអាមេរិក-អ៊ីរ៉ង់

ភាពស្ងប់ស្ងាត់នេះបានធ្វើឱ្យមានសំណួរថា តើអ៊ីរ៉ង់ពិតជាមិនព្រមចរចាជាមួយអាមេរិកមែនឬទេ ខណៈដែលកិច្ចព្រមព្រៀងឈប់បាញ់គ្នារយៈពេល២សប្តាហ៍នឹងកន្លងផុតទៅ។ មុននេះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់ថា លោកទំនងជានឹងមិនបន្តកិច្ចព្រមព្រៀងឈប់បាញ់គ្នាជាមួយអ៊ីរ៉ង់ទៀតឡើយ ប្រសិនបើភាគីទាំងពីរនៅតែមិនអាចឈានដល់កិច្ចព្រមព្រៀងសន្តិភាព។

ស្ថានភាពហាក់បីដូចជាតានតឹងខ្លាំង ប៉ុន្តែរដ្ឋាភិបាលអាមេរិកនៅតែបន្តបើកផ្លូវចរចា។ ក្រុមមន្ត្រីជាន់ខ្ពស់អាមេរិក រួមមានអនុប្រធានាធិបតី JD Vance និងកូនប្រសាររបស់លោកត្រាំ Jared Kushner នឹងធ្វើដំណើរទៅកាន់ប្រទេសប៉ាគីស្ថាន ដើម្បីចូលរួមការចរចាសន្តិភាពជុំទីពីរ។

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles