ផ្ទុះកំហឹង! ក្រសួងវប្បធម៌តវ៉ាដាច់អហង្ការចំពោះមន្ត្រីជាន់ខ្ពស់ថៃឈ្លានពានប្រាសាទតាក្របី

ផ្ទុះកំហឹង! ក្រសួងវប្បធម៌តវ៉ាដាច់អហង្ការចំពោះមន្ត្រីជាន់ខ្ពស់ថៃឈ្លានពានប្រាសាទតាក្របី

រាជធានីភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីថ្លែងការណ៍តវ៉ាយ៉ាងខ្លាំងក្លាបំផុត ចំពោះសកម្មភាពខុសច្បាប់របស់អាជ្ញាធរថៃ នៅតំបន់ប្រាសាទតាក្របី ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។

ប្រាសាទតាក្របី

នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញសេចក្តីថ្លែងការណ៍ ដោយស្របតាមលិខិតផ្លូវការចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ និងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ក្រសួងបានបន្តធ្វើការតវ៉ាយ៉ាងខ្លាំងក្លាបំផុតចំពោះវត្តមាន និងការបន្តបង្កសកម្មភាពខុសច្បាប់របស់អាជ្ញាធរថៃនៅប្រាសាទតាក្របី និងតំបន់ជុំវិញ។

ទោះបីមានការតវ៉ាជាបន្តបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាក៏ដោយ ក៏អាជ្ញាធរថៃនៅតែបន្តរៀបចំការជួបជុំសាធារណៈ សម្របសម្រួលការទស្សនា និងអនុវត្តសកម្មភាពផ្សេងៗនៅតំបន់នោះ។ សកម្មភាពទាំងនេះ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។

មន្ត្រីជាន់ខ្ពស់ថៃ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រឆាំងដាច់ខាតចំពោះសកម្មភាពថ្មីៗ រួមមានការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងវត្តមានរបស់អាជ្ញាធរថៃ ដែលសុទ្ធតែជាសកម្មភាពបង្កើតស្ថានភាពជាក់ស្តែងនៅលើដី (fait accompli)។ សកម្មភាពទាំងអស់នេះ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ផែនទីមាត្រដ្ឋាន 1:200,000 អនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ ព្រមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិ។

ការតវ៉ារបស់កម្ពុជា

ជាពិសេស ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្វើការតវ៉ាដាច់អហង្ការចំពោះវត្តមានរបស់មន្ត្រីជាន់ខ្ពស់ថៃ រួមទាំងរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ នៅប្រាសាទតាក្របី កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ។ វត្តមានរបស់មន្ត្រីជាន់ខ្ពស់ទាំងនេះ បានបង្ហាញពីចរិតលក្ខណៈពង្រឹងសកម្មភាពខុសច្បាប់ និងបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាដោយសន្តិវិធី និងតាមការចរចា។

ជាចុងក្រោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមអំពាវនាវដល់រាជរដ្ឋាភិបាលថៃ ឱ្យបញ្ឈប់ភ្លាមៗនូវសកម្មភាពទាំងអស់នៅប្រាសាទតាក្របី ដកចេញនូវសមត្ថកិច្ចទាំងអស់ចេញពីទីតាំង និងបញ្ឈប់សកម្មភាពនានាដែលកំពុងធ្វើ។ កម្ពុជាបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួន ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈយន្តការទ្វេភាគីដែលមានស្រាប់ ជាពិសេសយន្តការ JBC។

administrator

Related Articles