ថៃប្រកាសលុបចោល MoU 2001 ជាមួយកម្ពុជា ដោយឯកតោភាគី នាយករដ្ឋមន្ត្រីថៃថា ‘មិនចាំបាច់សួរកម្ពុជា’

ថៃប្រកាសលុបចោល MoU 2001 ជាមួយកម្ពុជា ដោយឯកតោភាគី នាយករដ្ឋមន្ត្រីថៃថា ‘មិនចាំបាច់សួរកម្ពុជា’

រដ្ឋាភិបាលថៃបានប្រកាសជាឯកតោភាគីលុបចោលអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ (MoU 2001) ដែលជាមូលដ្ឋានគ្រឹះនៃការចរចារួមគ្នាលើតំបន់សមុទ្រត្រួតស៊ីគ្នាជាមួយកម្ពុជា។

រូបភាពព័ត៌មាន

យោងតាម Thai Enquirer ចុះផ្សាយថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ លោក អានុទីន ឆានវីរគុល នាយករដ្ឋមន្ត្រីថៃ បានថ្លែងថា ថៃនឹងឈប់ខ្វល់ពីកិច្ចព្រមព្រៀងចាស់ ហើយមិនចាំបាច់ផ្ដល់ដំណឹង ឬពិភាក្សាជាមួយកម្ពុជាក្នុងការសម្រេចចិត្តលុបចោលកិច្ចព្រមព្រៀងនេះឡើយ។ ក្រសួងការបរទេសថៃនឹងដាក់សំណើលុបចោលកិច្ចព្រមព្រៀងនេះទៅកាន់គណៈរដ្ឋមន្ត្រីក្នុងពេលឆាប់ៗ។ យ៉ាងណាមិញ កិច្ចព្រមព្រៀងឆ្នាំ២០០០ ស្តីពីការបោះបង្គោលព្រំដែនគោក នៅរក្សាទុកដដែល។

ជាការជំនួសវិញ រដ្ឋាភិបាលថៃនឹងងាកមកប្រើប្រាស់អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ជាក្របខ័ណ្ឌច្បាប់ក្នុងការដោះស្រាយព្រំដែនទឹកជាមួយកម្ពុជា។

ការងាកទៅប្រើ UNCLOS នេះត្រូវបានគេមើលឃើញថាជាល្បិចកលនយោបាយរបស់ថៃ ដើម្បីបំបាត់ចោលការព្រមព្រៀងកន្លងមក ដែលតម្រូវឲ្យមានការបែងចែកផលប្រយោជន៍ស្មើភាពគ្នាលើធនធានប្រេង និងឧស្ម័នធម្មជាតិនៅឈូងសមុទ្រ។ តាមរយៈការបោះបង់ចោលយន្តការចរចាដោយឯកតោភាគីនេះ ថៃហាក់កំពុងប្រើឥទ្ធិពលយោធាដើម្បីកំណត់ព្រំដែនសមុទ្រតាមចិត្ត ដោយមិនចង់ចែករំលែកផលចំណេញដល់កម្ពុជា។

អ្វីដែលគួរឲ្យព្រួយបារម្ភជាងនេះ គឺសេចក្ដីថ្លែងការណ៍របស់មេបញ្ជាការរងកងទ័ពជើងទឹកថៃ លោក Thadawut Thatpitakkul ដែលបានឲ្យដឹងថា កងទ័ពជើងទឹកថៃបានត្រៀមខ្លួនរួចជាស្រេចក្នុងការអនុវត្តគោលនយោបាយ «ការពារអធិបតេយ្យភាព» ដែលអាចជាសញ្ញានៃការប្រើកម្លាំងគាបសង្កត់លើកម្ពុជា។ ទង្វើរបស់ថៃនេះ មិនត្រឹមតែបង្ហាញពីការខ្វះភាពស្មោះត្រង់ក្នុងនាមប្រទេសជិតខាងប៉ុណ្ណោះទេ ថែមទាំងជាការបំពានដល់កិច្ចខិតខំរក្សាសន្តិភាពដែលប្រទេសទាំងពីរបានសាងមកជាច្រើនឆ្នាំ ដោយគ្រាន់តែចង់បានផលប្រយោជន៍សេដ្ឋកិច្ចតែម្ខាងប៉ុណ្ណោះ៕

administrator

Related Articles