ផ្លូវការ៖ EFG Cambodia បិទ The Pizza Company ក្រោយជាង ២០ឆ្នាំ ត្រៀមបើកម៉ាកភីហ្សាថ្មីដែលជារបស់ខ្មែរទាំងស្រុង

ផ្លូវការ៖ EFG Cambodia បិទ The Pizza Company ក្រោយជាង ២០ឆ្នាំ ត្រៀមបើកម៉ាកភីហ្សាថ្មីដែលជារបស់ខ្មែរទាំងស្រុង

ភ្នំពេញ៖ ក្រុមហ៊ុន អ៊ីអេហ្វជី កម្ពុជា (EFG Cambodia) បានប្រកាសជាផ្លូវការពីការបិទបញ្ចប់អាជីវកម្មម៉ាក The Pizza Company ទាំងស្រុងនៅកម្ពុជា បន្ទាប់ពីប្រតិបត្តិការអស់រយៈពេលជាង ២០ឆ្នាំ ដោយបញ្ចប់កិច្ចសហការទាំងស្រុងជាមួយម្ចាស់សិទ្ធិដើម។

កាលពីពេលថ្មីៗនេះ អតិថិជននៅភ្នំពេញបានកត់សម្គាល់ឃើញថាហាង The Pizza Company ទាំងអស់ត្រូវបានបាំងដោយក្រណាត់ក្រហម ដែលបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ក្រុមហ៊ុនបានបញ្ជាក់ថានេះជាសកម្មភាពនៃការផ្លាស់ប្តូរ មិនមែនការលាក់បាំងអ្វីឡើយ។

ក្រុមហ៊ុន EFG Cambodia បានផ្លាស់ប្តូរមកស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Palms Food International Pte. Ltd មកពីប្រទេសសិង្ហបុរី ដែលមានបទពិសោធន៍ប្រតិបត្តិការក្នុងតំបន់ជាង ៣ទសវត្សរ៍។ ការផ្លាស់ប្តូរកម្មសិទ្ធិនេះត្រូវបានជូនដំណឹងជាសាធារណៈរួចមកហើយ។

អ្វីដែលគួរឱ្យរំពឹងទុកនោះគឺ EFG Cambodia នឹងបើកសម្ពោធម៉ាកយីហោភីហ្សាថ្មីមួយ ដែលបង្កើតឡើងចាប់ពីចំណុចសូន្យ ច្នៃប្រឌិតតាមចំណង់ចំណូលចិត្តរបស់អតិថិជនខ្មែរ និងកាន់កាប់ផ្ទាល់ដោយជនជាតិខ្មែរទាំងស្រុង។

លោក Michael Chick អគ្គនាយក Palms Food International មានប្រសាសន៍ថា អតិថិជនកម្ពុជាមានភាពជឿនលឿន និងទទួលបានព័ត៌មានពេញលេញ ដែលជាកម្លាំងជំរុញឱ្យក្រុមហ៊ុនបង្កើតអ្វីដែលអតិថិជនចង់បាន។

លោក ទេព វិរៈ នាយកគ្រប់គ្រងទូទៅ EFG Cambodia បានលើកឡើងថា ម៉ាកយីហោថ្មីនេះជាលទ្ធផលនៃការស្តាប់ ការរៀនសូត្រ និងបទពិសោធន៍រាប់ឆ្នាំ ហើយលោកជឿជាក់ថាប្រជាជនខ្មែរនឹងមានមោទនភាពចំពោះអ្វីដែលជារបស់ខ្លួនពិតប្រាកដ។

ព័ត៌មានលម្អិតបន្ថែមអំពីម៉ាកយីហោថ្មីរបស់ EFG Cambodia នឹងត្រូវប្រកាសជូននៅសប្តាហ៍ក្រោយ។ សូមរង់ចាំតាមដាន!

administrator

Related Articles