នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងលោក ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលការងារ និងដាក់ចេញទិសដៅបន្តសម្រាប់អនាគត។

ក្នុងកិច្ចប្រជុំនេះ អាជ្ញាធរខេត្ត និងអង្គភាពពាក់ព័ន្ធបានរាយការណ៍អំពីស្ថានភាពការងារក្នុងវិស័យសំខាន់ៗ ដូចជា សន្តិសុខសាធារណៈ សុខាភិបាល អប់រំ កសិកម្ម និងសេដ្ឋកិច្ចក្នុងមូលដ្ឋាន។ ជាមួយគ្នានេះ ក៏មានការលើកឡើងពីបញ្ហាប្រឈមដែលនៅសេសសល់ និងវិធានការដោះស្រាយ ដើម្បីធានាប្រសិទ្ធភាពការងារ និងការអភិវឌ្ឍន៍តំបន់។

លោក ស៊ុន សុវណ្ណារិទ្ធិ បានដាក់ចេញនូវទិសដៅសំខាន់ៗដូចជា៖ បន្តថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ បង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ប្រយុទ្ធប្រឆាំងការឆបោកតាមបច្ចេកវិទ្យា គ្រឿងញៀន ក្មេងទំនើង គ្រោះថ្នាក់ចរាចរណ៍ និងបទល្មើសនេសាទ។

ជាមួយគ្នានេះ លោកអភិបាលខេត្តបានណែនាំឲ្យមន្ទីរ និងអង្គភាពពាក់ព័ន្ធបន្តពង្រឹងកិច្ចសហការ បង្កើនការទទួលខុសត្រូវ និងផ្តោតលើការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។


អត្ថបទ៖ វ៉ាន់ សេដ្ឋា
