ក្រោមការសហការរវាងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីជាមួយស្ថានទូតចិនប្រចាំកម្ពុជា អាជ្ញាធរកម្ពុជាបានបន្តធ្វើការបណ្តេញជនជាតិចិនសរុបចំនួន ១៥៦នាក់ ក្នុងនោះស្រីចំនួន ១៣នាក់ ដែលពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងករណីលួចស្នាក់នៅធ្វើការងារដោយខុសច្បាប់។

ក្រុមជនជាតិចិនទាំងនេះត្រូវបានបណ្ដេញចេញតាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោភ្នំពេញ ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី៣០ មេសា និងថ្ងៃទី១ ឧសភា។

ការបណ្ដេញចេញជនជាតិបរទេសនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងការទទួលដឹកនាំតម្រង់ទិសយ៉ាងមុតមាំរបស់លោក ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងកិច្ចខិតខំបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា។

នេះជាវិធានការដើម្បីធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងឡើយ ជាពិសេសចំពោះមេខ្លោងដែលនៅពីក្រោយ ព្រមទាំងការជួយសង្គ្រោះដល់ជនរងគ្រោះដែលត្រូវបានបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយពួកគេទទួលបានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ។


