ខេត្តបាត់ដំបង៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកកំរៀង តាមឃាត់ខ្លួន បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីពលរដ្ឋជាច្រើននាក់ ពាក់ព័ន្ធនឹងសកម្មភាពដើរលួចបេះគ្រាប់ស្វាយចន្ទីតាមចម្ការ ស្របពេលដែលគ្រាប់ស្វាយចន្ទីមានតម្លៃខ្ពស់រហូតដល់ ៦០០០រៀលក្នុងមួយគីឡូក្រាម។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះចំនួន ៣រូប ដែលបានអះអាងថា មានជនមិនស្គាល់មុខដើរបេះគ្រាប់ស្វាយចន្ទីក្នុងចម្ការរបស់ពួកគេ អស់ជាច្រើនដើមនោះ កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦។
ជនសង្ស័យឈ្មោះ ផល សិទ្ធិ ភេទប្រុស អាយុ ៣៤ឆ្នាំ ស្នាក់នៅភូមិស្វាយជ្រុំ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរជាកម្មករ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចូលលួចគ្រាប់ស្វាយចន្ទីនៅក្នុងចម្ការរបស់ជនរងគ្រោះកាលពីថ្ងៃទី២៩ ខែមេសា វេលាម៉ោង ៤និង៣០នាទីល្ងាច ព្រមទាំងធ្លាប់បានប្រព្រឹត្តសកម្មភាពនេះជាច្រើនលើកទៀតផងដែរ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងរៀបចំឯកសារដើម្បីបញ្ជូនជនសង្ស័យរូបនេះទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ៖ សោ និយមរ័ត្ន
