រាជធានីភ្នំពេញ ៖ អតីតបេក្ខភាពវបរះកញ្ញា សៃ ហ្វុន បានសម្តែងការហួសចិត្តយ៉ាងខ្លាំង ក្រោយពីនាងរងការរិះគន់ពីមហាជន ជាពិសេសអ្នកកាន់សាសនាមូស្លីម នៅពេលដែលនាងបង្ហាញវីដេអូពីការគ្រងឈុតមួយដែលស្រដៀងបែបសាសនាមូស្លីម ប៉ុន្តែមើលទៅបែបស៊ិចស៊ី ក្នុងកម្មវិធីមួយកាលពីពេលថ្មីៗនេះ។

អ្នកកាន់សាសនាមូស្លីមបានសម្តែងការមិនពេញចិត្តនូវសកម្មភាពរបស់តារាភេទទី៣រូបនេះឡើយ ដោយពួកគេយល់ថា ការគ្រងឈុតនេះគឺជាការបំផ្លាញ មិនគោរព និងនាំឲ្យខូចប្រពៃណីសាសនារបស់ពួកគេ។

យ៉ាងណា សៃ ហ្វុន បានហួសចិត្តចំពោះការរិះគន់ខាងលើនេះ ដោយនាងបានគូសបញ្ជាក់ថា ឈុតដែលនាងស្លៀកបង្ហាញនាពេលនេះគឺម៉ូតបែបអឺរ៉ុបប៉ុណ្ណោះ ពោលគឺមិនមែនឈុតប្រពៃណីរបស់បងប្អូនអ្នកកាន់សាសនាមូស្លីមនោះឡើយ។

សៃ ហ្វុន លើកឡើងថា៖ «សូមជម្រាបថា ខ្ញុំកំពុងពាក់ឈុតបែប fashion តាមស្ទីលតារាអឺរ៉ុប មិនមែនជាឈុតប្រពៃណីរបស់បងប្អូនមូស្លីមទេ។ ដូច្នេះ មុននឹងផ្តល់យោបល់ ឬនិយាយអ្វីមួយអំពីអ្នកណាម្នាក់ សូមពិនិត្យ និងពិចារណាឲ្យបានម៉ត់ចត់សិន»។

នាងបញ្ជាក់ថា ការនិយាយគួរតែមានការទទួលខុសត្រូវ មិនគួរនិយាយដោយគ្មានមូលដ្ឋាន ឬគ្រាន់តែចេះតែនិយាយឡើយ។ សៃ ហ្វុន បានបន្ថែមថា នាងមិនយល់ចំពោះការចោទប្រកាន់របស់បងប្អូនមួយចំនួនដែលថានាងយកឈុតបែបមូស្លីម ដោយសួរថាតើឈុតនេះដូចត្រង់ណា។

នាងបន្តថា ឈុតនេះគឺនាងបានទិញពីហាងស្រាប់ៗតែម្តង ហើយពិតជាហួសចិត្តដែលមានអ្នកយល់ឃើញថានាងយកឈុតបែបមូស្លីមមកពាក់បែបស៊ិចស៊ី ដែលនាំឲ្យខូចសាសនារបស់ពួកគាត់។

នាងបញ្ជាក់ថា តាមដឹងឈុតបងប្អូនមូស្លីមគឺមិនមានភាពស៊ិចស៊ីនោះឡើយ ហើយបើរុំមុខគឺរុំឲ្យជិតមិនឲ្យឃើញសក់ និងសាច់ដៃនោះឡើយ។ ដោយសារបញ្ហានេះ នាងក៏បានលុបវីដេអូនោះចោលវិញ ព្រោះនាងមិនចង់ឃើញការចោទប្រកាន់អាក្រក់ៗមកលើរូបនាងឡើយ។

សៃ ហ្វុន បានលើកឡើងបន្ថែមថា៖ «យើងរស់នៅលើផែនដីនិងធ្វើជាមនុស្សដូចគ្នា ត្រូវចេះស្រឡាញ់គ្នា មិនថាសាសនាមួយណាឡើយ ព្រោះពួកយើងគឺជាមនុស្សដូចគ្នា។ សាសនាទាំងអស់គឺបង្រៀនមនុស្សឲ្យដើរផ្លូវល្អ កុំស្អប់គ្នា ជាពិសេសយើងត្រូវមើលឲ្យបានគ្រប់ជ្រុងជ្រោយ»។





អត្ថបទដោយ៖ សុខ វាសនា | កែសម្រួលដោយ៖ ធីតា
