ដំណើរពីការឈ្លោះក្នុងផ្ទះដល់សោកនាដកម្ម! ប្ដីប្រចណ្ឌចាក់ប្រពន្ធស្លាប់ រហូតដល់បាក់ផ្លែកាំបិតនៅស្រុកស្អាង

ដំណើរពីការឈ្លោះក្នុងផ្ទះដល់សោកនាដកម្ម! ប្ដីប្រចណ្ឌចាក់ប្រពន្ធស្លាប់ រហូតដល់បាក់ផ្លែកាំបិតនៅស្រុកស្អាង

ខេត្តកណ្តាល ៖ ហេតុការណ៍ឃាតកម្មដ៏សោកសៅមួយបានកើតឡើង រវាងប្តីប្រពន្ធ ដោយបុរសជាប្តីដែលមានចិត្តប្រចណ្ឌ បានចាក់ប្រពន្ធរបស់ខ្លួនរហូតដល់ស្លាប់ នៅភូមិគោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល កាលពីវេលាម៉ោង ២៣:៣០នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ។

រូបភាពជនសង្ស័យ

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ផែន គន្ធា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរជានារីបម្រើការ KTV និងជនដៃដល់ឈ្មោះ សោម សិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ ជាប្តី មុខរបររត់តុការ ធ្លាប់ជាប់ពន្ធនាគារពីមុនម្ដងរួចមកហើយពីបទហិង្សាដោយចេតនា ។ នៅថ្ងៃកើតហេតុ ជនសង្ស័យបានផឹកស្រាស្រវឹង រួចឈ្លោះប្រកែកជាមួយប្រពន្ធក្នុងបន្ទប់ដេក ។ ជនរងគ្រោះខំគេចខ្លួនចេញពីផ្ទះទៅស៊ីឈ្នួលបកគល់ខ្ទឹមគេយកលុយ តែត្រូវប្តីដើរតាមទៅឈ្លោះដល់កន្លែងធ្វើការទៀត ។

រូបភាពកាំបិតប្រឡាក់ឈាម

ទ្រាំមិនបាន ជនសង្ស័យក៏បានយកកូនកាំបិតបកគល់ខ្ទឹមនៅកន្លែងកើតហេតុ ចាក់ប្រពន្ធត្រង់ឃ្លៀកបណ្ដាលឲ្យចេញឈាមច្រើន និងបាក់ផ្លែកាំបិតចេញពីដង ។ ដោយឃើញប្រពន្ធរបួសធ្ងន់ធ្ងរ ជនសង្ស័យបាននាំទៅមន្ទីរពេទ្យបង្អែកស្រុកស្អាង តែដោយសាររបួសធ្ងន់ពេកគ្រូពេទ្យបានបញ្ជូនទៅមន្ទីរពេទ្យរុស្ស៊ី តែជនរងគ្រោះក៏បានស្លាប់នៅទីនោះ ។

រូបភាពទីតាំងកើតហេតុ

នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង០៩:០០នាទី កម្លាំងព្រហ្មទណ្ឌស្រុកស្អាងសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំ បានឃាត់ខ្លួនជនសង្ស័យ ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានចាក់ប្រពន្ធស្លាប់ដោយសារប្រចណ្ឌ ។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ៕

administrator

Related Articles