
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍សំខាន់ៗចំនួន ៦ ចំណុច ជូនដល់បងប្អូនអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាទាំងអស់ ក្នុងឱកាសខួបលើកទី៣៣ នៃទិវាសេរីភាពសារព័ត៌មានពិភពលោក។
ទី១. សូមបន្តតួនាទីជាអ្នកបន្សុទ្ធព័ត៌មាន ដោយទប់ស្កាត់រាល់ព័ត៌មានក្លែងក្លាយ និងមិនពិត ដើម្បីរក្សាសណ្តាប់ធ្នាប់សារព័ត៌មាន។
ទី២. សូមប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យព័ត៌មានប្រកបដោយក្រមសីលធម៌ និងការទទួលខុសត្រូវ ដោយត្រូវមានយន្តការត្រួតពិនិត្យឱ្យបានហ្មត់ចត់ចំពោះមាតិកាដែលផលិតដោយ AI។

ទី៣. សូមកុំផ្សព្វផ្សាយ ឬចែករំលែកព័ត៌មានណាដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ ជាពិសេសស្ត្រី និងកុមារ ព្រមទាំងត្រូវរួមគ្នាការពារវប្បធម៌ប្រពៃណីជាតិ។
ទី៤. សូមក្រើនរំលឹកចំពោះការយកស្លាកអ្នកសារព័ត៌មានទៅបិទបាំងសកម្មភាពល្មើសច្បាប់ ឬបម្រើរបៀបវារៈរបស់ក្រុមអមិត្ត ដែលជាទង្វើមិនអាចអត់ឱនបាន។
ទី៥. សូមបន្តកិច្ចសហការជាមួយស្ថាប័នមានសមត្ថកិច្ចក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងសកលលោក។
ទី៦. សូមបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលជាមូលដ្ឋានគ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈ។

សម្តេចបានគូសបញ្ជាក់ថា សេរីភាពសារព័ត៌មាននៅកម្ពុជានឹងត្រូវបានបន្តការពារ និងលើកកម្ពស់តាមគោលការណ៍នៃច្បាប់ សុចរិតភាព និងការទទួលខុសត្រូវ ដើម្បីបម្រើប្រជាជន ការពារជាតិ និងរួមចំណែកដល់សន្តិភាពក្នុងតំបន់ និងពិភពលោក។ ក្នុងឱកាសនេះ សម្តេចសូមប្រសិទ្ធពរជ័យសិរីសួស្តី ជ័យមង្គល វិបុលសុខ ជូនចំពោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់៕
ដោយ៖ សិលា
