ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាស សម្រាប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ ដោយបញ្ជាក់ថា ខេត្តចំនួន១៣ រួមមាន បន្ទាយមានជ័យ, បាត់ដំបង, ពោធិ៍សាត់, សៀមរាប, កំពង់ឆ្នាំង, កំពង់ធំ, កំពង់ចាម, ត្បូងឃ្មុំ, ស្វាយរៀង, ព្រៃវែង, តាកែវ, កណ្តាល និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី ២០%។

សម្ពាធទាបដែលកើតនៅលើសមុទ្រចិនខាងត្បូង នៅតែបន្តមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ដែលបក់ពីលើអាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពនេះនឹងធ្វើឱ្យធាតុអាកាសប្រែប្រួលចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែឧសភា។
តំបន់វាលទំនាប៖ សីតុណ្ហភាពមធ្យមអប្បបរមា ២៤°C និងអតិបរមា ៣៧°C។ ខ្យល់បក់ពីទិសបូព៌ និងអាគ្នេយ៍ ល្បឿនមធ្យម ២ម៉ែត្រក្នុងមួយវិនាទី។
តំបន់ខ្ពង់រាប៖ សីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងអតិបរមា ៣៦°C។ ខ្យល់បក់ពីទិសឦសាន និងបូព៌ ល្បឿនមធ្យម ៣ម៉ែត្រក្នុងមួយវិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ ១៥%។

តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពមធ្យមអប្បបរមា ២៤°C និងអតិបរមា ៣៧°C។ ខ្យល់បក់ពីទិសនិរតី និងអាគ្នេយ៍ ល្បឿនមធ្យម ២ម៉ែត្រក្នុងមួយវិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ ២០%។ រលកសមុទ្រកម្ពស់មធ្យមពី ០,៥០ ទៅ ១,០០ម៉ែត្រ។
សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងត្រៀមប្រយ័ត្នពីបាតុភូតធម្មជាតិនេះផងដែរ៕
