ស្នេហ៍ប្រែក្លាយជាសោកនាដកម្ម! ប្តីប្រចណ្ឌចាក់ប្រពន្ធស្លាប់ កូនកំព្រាគ្មានម្តាយ ឪពុកជាប់គុក

ស្នេហ៍ប្រែក្លាយជាសោកនាដកម្ម! ប្តីប្រចណ្ឌចាក់ប្រពន្ធស្លាប់ កូនកំព្រាគ្មានម្តាយ ឪពុកជាប់គុក

ខេត្តកណ្តាល៖ ស្នេហ៍ដែលធ្លាប់តែផ្អែមល្ហែម បែរជាបញ្ចប់ដោយសោកនាដកម្មដ៏រន្ធត់ ដោយសារតែស្នេហ៍ប្រចណ្ឌហួសហេតុរបស់បុរសម្នាក់ ដែលបានប្រើកាំបិតបកគល់ខ្ទឹមចាក់ប្រពន្ធខ្លួនឯងរហូតដល់ស្លាប់ បន្សល់ទុកកូនកំព្រាគ្មានម្តាយ និងឪពុកជាប់ពន្ធនាគារ។

ហេតុការណ៍ដ៏សោកសៅនេះបានកើតឡើងកាលពីវេលាម៉ោង ២៣:៣០នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅចំណុចភូមិគោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។ ជនរងគ្រោះមានឈ្មោះ ផែន គន្ធា អាយុ ២៦ឆ្នាំ ជានារីបម្រើការ KTV ចំណែកជនសង្ស័យឈ្មោះ សោម សិទ្ធ អាយុ ៣១ឆ្នាំ ជាប្តីរបស់ជនរងគ្រោះ មុខរបររត់តុការ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលចំនួនមួយលើករួចមកហើយ ពីបទហិង្សាដោយចេតនា។ រវាងអ្នកទាំងពីរតែងតែឈ្លោះប្រកែកគ្នាជាញឹកញាប់ ដោយប្តីមានចិត្តប្រចណ្ឌ និងស្រវឹងស្រាជាប្រចាំ។

នៅថ្ងៃកើតហេតុ ជនសង្ស័យបានផឹកស្រាស្រវឹង ហើយឈ្លោះប្រកែកគ្នាជាមួយជនរងគ្រោះនៅក្នុងបន្ទប់ដេក។ ក្រោយមកជនរងគ្រោះបានដើរចេញមកក្រៅផ្ទះដើម្បីបកគល់ខ្ទឹមសុីឈ្នួលយកលុយផ្គត់ផ្គង់គ្រួសារ។ ជនសង្ស័យក៏ដើរតាមមក ហើយឈ្លោះប្រកែកគ្នាម្តងទៀត ស្រាប់តែគាត់បានឆក់យកកូនកាំបិតបកគល់ខ្ទឹមមកចាក់ជនរងគ្រោះចំនួនមួយកាំបិតត្រង់ក្លៀក បណ្តាលឲ្យចេញឈាមច្រើន និងបាក់ផ្លែកាំបិតផងដែរ។

ក្រោយពេលកើតហេតុ ជនសង្ស័យបានដឹកជនរងគ្រោះទៅព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកស្រុកស្អាង ប៉ុន្តែដោយសាររបួសធ្ងន់ធ្ងរពេក គ្រូពេទ្យបានបញ្ជូនបន្តទៅមន្ទីរពេទ្យរុស្ស៊ី តែទីបំផុតនាងបានបាត់បង់ជីវិតនៅទីនោះ។

នៅវេលាម៉ោង ០៩:០០នាទី ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ កម្លាំងព្រហ្មទណ្ឌស្រុកស្អាងសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំបានឃាត់ខ្លួនជនសង្ស័យយកមកអធិការដ្ឋាននគរបាលស្រុកស្អាងធ្វើការសាកសួរ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានយកកូនកាំបិតចាក់ជនរងគ្រោះបណ្ដាលឲ្យស្លាប់ពិតប្រាកដមែន ដោយសារតែការប្រចណ្ឌ។ វត្ថុតាងចាប់យកបានជាកូនកាំបិតមួយដើមដងឈើមានស្នាមប្រឡាក់ឈាមបាក់ផ្លែ។


បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់។ សោកនាដកម្មនេះបានបន្សល់ទុកនូវមេរៀនដ៏ជូរចត់ដល់សង្គម អំពីផលវិបាកនៃសេចក្តីប្រចណ្ឌ និងអំពើហិង្សាក្នុងគ្រួសារ។

ដោយ៖ សូរិយា

administrator

Related Articles