អស់សង្ឃឹម! ត្រាំថានឹងដកទ័ពលើស ៥,០០០នាក់ទៀតចេញពីអាល្លឺម៉ង់ ក្រោយជល់មាត់ជាមួយមេដឹកនាំអាល្លឺម៉ង់

អស់សង្ឃឹម! ត្រាំថានឹងដកទ័ពលើស ៥,០០០នាក់ទៀតចេញពីអាល្លឺម៉ង់ ក្រោយជល់មាត់ជាមួយមេដឹកនាំអាល្លឺម៉ង់

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅ South Florida ប្រមុខសេតវិមាន ដូណាល់ ត្រាំ បានឲ្យដឹងថា សហរដ្ឋអាមេរិក មានផែនការ ដកទ័ពលើស ៥,០០០នាក់ទៅទៀត ចេញពីប្រទេសអាល្លឺម៉ង់។

តាមការផ្សាយរបស់ CNN, លោកត្រាំ និយាយយ៉ាងខ្លី មុនពេលឡើងយន្តហោះ Air Force One កាលពីថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២៦ ថា៖ «យើងនឹងកាត់បន្ថយឲ្យបានច្រើន ហើយយើងនឹងកាត់ឲ្យលើសពី ៥,០០០ នាក់ទៅទៀត ក្នុងរយៈពេល ១ឆ្នាំខាងមុខ»។

ការបញ្ជាក់របស់ប្រមុខដឹកនាំរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន កើតឡើងមួយថ្ងៃ បន្ទាប់ពីក្រសួងសង្គ្រាមអាមេរិក សម្រេច ដកទ័ព ៥,០០០ នាក់ ចេញពីអាល្លឺម៉ង់ បន្ទាប់ពីមានជម្លោះពាក្យសម្តី យ៉ាងតឹងសរសៃក រវាងលោកត្រាំ និងអធិការបតីអាល្លឺម៉ង់ Friedrich Merz ពាក់ព័ន្ធបញ្ហា សង្គ្រាមអ៊ីរ៉ង់។

Trump

ជុំវិញរឿងនេះ អង្គការណាតូ បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ខ្លួនកំពុងធ្វើការជាមួយអាមេរិក ដើម្បីឲ្យមានការបំភ្លឺ និងពន្យល់លម្អិត អំពីការសម្រេចចិត្តលើអាល្លឺម៉ង់ នេះ។

បើតាមអ្នកនាំពាក្យអង្គការណាតូ លោកស្រី Allison Hart បានបង្ហោះសារ លើបណ្តាញសង្គម X, ការកែសម្រួលនេះ សបញ្ជាក់យ៉ាងច្បាស់អំពីតម្រូវការរបស់អឺរ៉ុប ដែលត្រូវបន្តវិនិយោគបន្ថែមទៀត លើវិស័យការពារជាតិ និងត្រូវរួមចំណែកកាន់តែធំ សម្រាប់សន្តិសុខរួមរបស់ខ្លួន។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ សហរដ្ឋអាមេរិក មានកងទ័ពបំពេញកាតព្វកិច្ចសកម្ម ចំនួន ៣៦,៤៣៦ នាក់ នៅអាល្លឺម៉ង់ បើប្រៀបធៀបទៅនឹង ១២,៦៦២ នាក់ នៅអ៊ីតាលី និង ៣,៨១៤ នាក់ នៅអេស្ប៉ាញ៕

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles