ស្ថានការណ៍នៅមជ្ឈិមបូព៌ាកំពុងតានតឹងខ្លាំងជាងមុន បន្ទាប់ពីអ៊ីរ៉ង់បានព្រមានផ្ទុះសង្គ្រាមជាថ្មីជាមួយសហរដ្ឋអាមេរិក។

តាមការផ្សាយរបស់ AFP កាលពីថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២៦ លោក Mohammad Jafar Asadi មេបញ្ជាការរងទីបញ្ជាការកណ្តាល Khatam al-Anbiya នៃកងឆ្មាំបដិវត្តន៍ (IRGC) បានថ្លែងថា៖ «ព័ស្តុតាងបង្ហាញថា អាមេរិកមិនគោរពសន្យា ឬប្រកាន់ខ្ជាប់កិច្ចព្រមព្រៀងណាមួយឡើយ»។
លោកបានព្រមានថា កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់នៅតែត្រៀមខ្លួនឈរជើងយ៉ាងពេញលេញ សម្រាប់ការឆ្លើយតបជាយថាហេតុណាមួយ។ ការគំរាមនេះកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបដិសេធសំណើចុងក្រោយរបស់អ៊ីរ៉ង់ ដែលមានបំណងបញ្ចប់សង្គ្រាម។

សំណើថ្មីនេះត្រូវបានភាគីអ៊ីរ៉ង់បញ្ជូនតាមរយៈអ្នកសម្របសម្រួលក្នុងប្រទេសប៉ាគីស្ថាន ប៉ុន្តែលោក ត្រាំ បានប្រកាសទាត់ចោលនៅចំពោះមុខអ្នកសារព័ត៌មានក្នុងសេតវិមាន ដោយអះអាងថា អ៊ីរ៉ង់បានទាមទារនូវលក្ខខណ្ឌមួយចំនួនដែលលោកមិនអាចទទួលយកបាន។
ទោះបីជាបទឈប់បាញ់រយៈពេលបីសប្តាហ៍នៅតែបន្តមានប្រសិទ្ធភាពក៏ដោយ សន្តិភាពហាក់ដូចជាផុយស្រួយបំផុត។ ការចរចាដែលធ្លាប់គ្រោងធ្វើដោយផ្ទាល់ត្រូវបានលុបចោល ហើយប្តូរមកជាការពិភាក្សាតាមទូរស័ព្ទវិញ បន្ទាប់ពីលោក ត្រាំ ដកក្រុមបេសកជនចេញពីប្រទេសប៉ាគីស្ថាន៕
អត្ថបទ៖ សុខ សុវណ្ណ
