ខេត្តបាត់ដំបង ៖ រឿងសោកសៅបានកើតឡើងចំពោះប្រជាកសិករក្រីក្រម្នាក់ ក្រោយពីផ្ទះរបស់គាត់ត្រូវបានភ្លើងឆេះខ្ទេចខ្ទីអស់គ្មានសល់ ដោយសារតែការផ្ទុះកំប៉ុងហ្គាសដាំបាយ កាលពីវេលាម៉ោង៦និង២០នាទីព្រឹក ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ នៅភូមិអូរក្រូច ឃុំបួរ ស្រុកភ្នំព្រឹក។

មន្ត្រីពន្លត់អគ្គិភ័យបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ វ័ន សុភា ភេទប្រុស អាយុ៦៥ឆ្នាំ ជាកសិករក្រីក្រមានផ្ទះធ្វើអំពីស័ង្កសីទំហំ ៤មx៥ម ត្រូវបានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ។ រថយន្តពន្លត់អគ្គិភ័យរបស់សមត្ថកិច្ចមិនអាចទៅដល់ទាន់ពេលវេលាទេ ដោយសារភ្លើងបានឆេះយ៉ាងលឿនគួរឱ្យរន្ធត់។

បើតាមការសន្និដ្ឋានបឋម មូលហេតុនៃអគ្គិភ័យគឺបណ្តាលមកពី ការផ្ទុះកំប៉ុងហ្គាស ដែលគាត់កំពុងដាំបាយ។ ភ្លើងបានឆាបឆេះរាលដាលពេញផ្ទះមួយរំពេច មិនអាចគ្រប់គ្រងបានឡើយ។ អ្នកស្រុកក្បែរខាងព្យាយាមជួយពន្លត់ តែមិនអាចចូលទៅជិតបាន ដោយសារតែកម្តៅភ្លើងដ៏ខ្លាំងក្លា។

ចំពោះការបាត់បង់វិញ ក្រៅពីផ្ទះមួយខ្នងអស់រលីង ជនរងគ្រោះក៏បាត់បង់ម៉ូតូចំនួន ០២គ្រឿង ព្រមទាំងទ្រព្យសម្បត្តិផ្សេងៗទៀតក្នុងផ្ទះស្ទើរទាំងស្រុង ដោយមិនអាចរំដោះយកចេញមកបានទាន់ពេលវេលាឡើយ។



