ផ្សារភូពុយ៖ បន្ទាប់ពីមានការផ្ទុះការសង្ស័យពាក់ព័ន្ធនឹងការនាំចូលទុរេនពីប្រទេសថៃ និងការព្រួយបារម្ភអំពីសុវត្ថិភាពបរិភោគ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានចុះអនុវត្តការត្រួតពិនិត្យសំណាកនៅទីផ្សារភូពុយ នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦នេះ។

កាលពីយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ មន្ត្រីជំនាញក.ប.ប សហការជាមួយម្ចាស់ផ្សារ បានចុះពិនិត្យទុរេនដែលអាជីវករចំនួន ៨ នាក់ដាក់លក់ជាគំនរ។ ដោយសារម្ចាស់ផ្សារស្នើសុំលើកពេលពិនិត្យទៅព្រឹកថ្ងៃបន្ទាប់ មន្ត្រីបានស្នើឱ្យសមត្ថកិច្ចដាក់កម្លាំងយាម ដើម្បីការពារការផ្លាស់ទីទំនិញ។
នៅព្រឹកថ្ងៃទី៣ ខែឧសភា មន្ត្រីជំនាញក.ប.ប ដឹកនាំដោយលោក គឹម ប្រុស ប្រធានសាខាខេត្តបាត់ដំបង បានចុះពិនិត្យម្ដងទៀត ដោយមានវត្តមានម្ចាស់ផ្សារ និងអាជីវករទាំង ៨ នាក់ ដើម្បីបញ្ជាក់ប្រភពទុរេន។

តាមការសាកសួរ អាជីវករបានអះអាងថា ទុរេនខ្លះត្រូវបានកុម្មង់តាមបណ្ដាញសង្គមពីខេត្តកំពង់ចាម ខ្លះពីស្រែអំបិល ខ្លះពីកោះកុង និងខ្លះទៀតពីផ្សារនាគមាសក្នុងរាជធានីភ្នំពេញ ប៉ុន្តែពួកគេមិនមានវិក័យប័ត្រ ឬព័ត៌មានទំនាក់ទំនងច្បាស់លាស់ពីប្រភពនោះទេ។

លោក គឹម ប្រុស បានបញ្ជាក់ថា តាមការអះអាងរបស់អាជីវករ ទុរេនទាំងនេះគឺមកពីខេត្តនានាក្នុងប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ មន្ត្រីបានយកសំណាកមួយចំនួនទៅពិនិត្យរកសារធាតុគីមី ខណៈទុរេនដែលនៅសល់ ត្រូវបានអនុញ្ញាតឲ្យលក់បន្តជាធម្មតា។
ពាក់ព័ន្ធនឹងការព្រួយបារម្ភអំពីហានិភ័យសុខភាព ប្រសិនបើលទ្ធផលពិនិត្យបង្ហាញថា មានសារធាតុគ្រោះថ្នាក់ បន្ទាប់ពីទំនិញត្រូវបានលក់អស់ មន្ត្រីបានបញ្ជាក់ថា ការពិនិត្យសំណាកគឺដើម្បីទប់ស្កាត់នៅពេលក្រោយប៉ុណ្ណោះ។

ជាមួយគ្នានេះ អាជ្ញាធរអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន និងពិនិត្យឱ្យបានម៉ត់ចត់ មុននឹងទិញទុរេនពីទីផ្សារ ខណៈមានព័ត៌មានអំពីការនាំចូលទុរេនពីក្រៅប្រទេសក្នុងបរិមាណច្រើន។
