ក្រោមការបញ្ជាផ្ទាល់ពីលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ លោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត បានដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នៅក្រុងប៉ោយប៉ែត ដោយបានឃាត់ខ្លួនជនបរទេសសរុបជាង ៤០០នាក់ ព្រមទាំងដកហូតសម្ភារមួយចំនួនធំ។

ពិនិត្យអគារគោលដៅចំនួន ៣
កម្លាំងចម្រុះបានចុះពិនិត្យទីតាំងសង្ស័យចំនួន ៣ កន្លែង ដែលសង្ស័យថាមានការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៖
ទីតាំងទី១៖ អគារ ៧ជាន់
ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត មានម្ចាស់ឈ្មោះ ជា សក់ហៀក និងតំណាងឈ្មោះ ខឹម ថន។ អគារនេះមាន ៦៣បន្ទប់ រកឃើញជនជាតិចិន ២៩នាក់ (ប្រុសសុទ្ធ) មានលិខិតឆ្លងដែន និងបណ្ណការងារត្រឹមត្រូវ ប៉ុន្តែម្ចាស់ទីតាំងមិនបានរាយការណ៍ជូនសមត្ថកិច្ចទេ។

ទីតាំងទី២៖ អគារ ៦ជាន់
ស្ថិតនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត។ អគារនេះមាន ១០២បន្ទប់ និងរកឃើញជនជាតិឥណ្ឌូនេស៊ីរស់នៅប្រមូលផ្តុំចំនួន ៣០៧នាក់ (ស្រី ៣៥នាក់) ប៉ុន្តែមិនមានរកឃើញឧបករណ៍សង្ស័យពាក់ព័ន្ធទេ។
ទីតាំងទី៣៖ អគារ ៤ជាន់
ស្ថិតនៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត រកឃើញជនបរទេសចំនួន ៨៤នាក់ (ចិន ៨១នាក់, មីយ៉ាន់ម៉ា ២នាក់ និងប៉ាគីស្ថាន ១នាក់)។ លើសពីនេះ សមត្ថកិច្ចបានរកឃើញវត្ថុតាងសំខាន់ៗ រួមមាន laptop ចំនួន ១០គ្រឿង និង ទូរស័ព្ទដៃចំនួន ១៩គ្រឿង ដែលប្រើប្រាស់សម្រាប់ប្រព្រឹត្តបទល្មើស។

នីតិវិធីក្រោយប្រតិបត្តិការ
កម្លាំងចម្រុះបានបញ្ជូនជនជាតិចិន ៦នាក់ ទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីសួរនាំបន្ត និងជនជាតិចិន ៧៥នាក់ (ស្រី ៤នាក់), មីយ៉ាន់ម៉ា ២នាក់ (ស្រី ១នាក់), ប៉ាគីស្ថាន ១នាក់ បញ្ជូនទៅមណ្ឌលកងវ៉ាខេត្ត ដើម្បីរៀបចំនីតិវិធីបញ្ជូនចេញ។ រីឯទីតាំងអគារទាំងនោះត្រូវបានសម្រេចបិទជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី។


