ខេត្តបន្ទាយមានជ័យ៖ ករណីសោកនាដកម្មមួយបានកើតឡើង នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចផ្លូវបំបែកសាលាក្រហម ភូមិតាជ្រឹង ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលបណ្តាលឲ្យបុរស៣នាក់ស្លាប់យ៉ាងអកុសល។

មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកស្រុកអូរជ្រៅបានឲ្យដឹងថា មុនពេលកើតហេតុ ម៉ូតូហុងដាឌ្រីម ពាក់ផ្លាកលេខសៀមរាប 1AO-2998 ជិះគ្នា៣នាក់ កំពុងធ្វើដំណើរពីលិចមកកើត។ ដោយសារមានឧបសគ្គខាងមុខ ពួកគេបានងាកចូលគន្លងខាងជើងផ្លូវ ស្រាប់តែត្រូវរថយន្ត Range Rover ពាក់ផ្លាកលេខភ្នំពេញ 2AZ-8555 ដែលបើកបរមកពីទិសដៅបញ្ច្រាស់ក្នុងល្បឿនលឿន បុកពេញទំហឹង បណ្តាលឲ្យអ្នកទាំង៣នាក់ស្លាប់នៅនឹងកន្លែង។

ជនរងគ្រោះទាំង៣នាក់ រួមមាន៖ ១) ឈ្មោះ ឆា ដាវុធ ភេទប្រុស អាយុ១៦ឆ្នាំ ជាកម្មករសំណង់ រស់នៅភូមិគោកចា ឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ២) ឈ្មោះ ច្រឹង រក្សា ភេទប្រុស អាយុ១៧ឆ្នាំ ជាកម្មករសំណង់ និង ៣) ឈ្មោះ ឆា ដាវីន ភេទប្រុស អាយុ១៩ឆ្នាំ ជាអ្នកបើកបរម៉ូតូ ដែលអ្នកទាំង២នាក់រស់នៅភូមិគោកត្រំ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។

មន្ត្រីនគរបាលជំនាញបានបញ្ជាក់ថា ជនរងគ្រោះទាំង៣នាក់ ធ្វើការសំណង់នៅក្រុងប៉ោយប៉ែត ហើយឪពុកម្តាយបានឲ្យពួកគេមកលេងស្រុក និងយកអង្ករ ក៏បែរជាជួបគ្រោះអកុសលតាមផ្លូវ បាត់បង់ជីវិតទាំងអស់គ្នា។

មូលហេតុនៃគ្រោះថ្នាក់ ក្រុមការងារជំនាញបានសន្និដ្ឋានថា បណ្តាលមកពីរថយន្តបើកបរលឿន និងម៉ូតូបើកបរខ្វះការប្រុងប្រយ័ត្ន នៅពេលផ្លូវកំពុងបើកការដ្ឋានកសាងផ្លូវ ធ្វើឲ្យផ្លូវតូចចង្អៀត។
សពជនរងគ្រោះទាំង៣នាក់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅតម្កល់ទុកនៅវត្តស្វាយចាស់ ដើម្បីប្រគល់ជូនសាច់ញាតិរៀបចំធ្វើបុណ្យនៅស្រុកកំណើត។ ចំណែករថយន្ត និងម៉ូតូដែលរងការខូចខាតយ៉ាងដំណំ ត្រូវបានកម្លាំងការិយាល័យជំនាញខេត្តយកទៅរក្សាទុក ដើម្បីអនុវត្តតាមនីតិវិធីចរាចរណ៍ផ្លូវគោក។
