វិមានរដ្ឋសភា៖ គណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា (គណៈកម្មការទី៤) ដឹកនាំដោយ លោក កែប ជុតិមា ប្រធានគណៈកម្មការ បានបើកកិច្ចប្រជុំពិភាក្សាលម្អិតលើសេចក្តីព្រាងច្បាប់ “ស្តីពីកាតព្វកិច្ចយោធា” ជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦។

សេចក្តីព្រាងច្បាប់ថ្មីនេះ ត្រូវបានបង្កើតឡើងក្នុងគោលដៅពង្រឹងខឿនការពារជាតិ ការពារបូរណភាពទឹកដី និងបណ្តុះស្មារតីស្នេហាជាតិដល់យុវជនខ្មែរ។
ខ្លឹមសារសំខាន់ៗនៃសេចក្តីព្រាងច្បាប់៖
• អាយុ និងភេទ៖ ប្រជាពលរដ្ឋខ្មែរភេទប្រុសអាយុពី ១៨ ដល់ ២៥ ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចយោធារយៈពេល ២៤ ខែជាកំហិត (អាចបន្ត ៦ ខែក្នុងករណីចាំបាច់)។
• សញ្ជាតិទ្វេ៖ អ្នកមានសញ្ជាតិច្រើន ប៉ុន្តែរស់នៅកម្ពុជា ក៏ត្រូវចូលបម្រើកងទ័ពដូចគ្នា។
• ស្ត្រី៖ មិនតម្រូវជាកាតព្វកិច្ចទេ តែត្រូវបានលើកទឹកចិត្តឱ្យចូលរួមដោយស្ម័គ្រចិត្ត។
• ការលើកលែង៖ ភិក្ខុសង្ឃ បុព្វជិតសាសនា អ្នកមានពិការភាព និងអ្នកជំនាញជាន់ខ្ពស់បំពេញបេសកកម្មសំខាន់ៗជូនជាតិ។
ទោសប្បញ្ញត្តិ និងអត្ថប្រយោជន៍៖ អ្នកគេចវេសអាចប្រឈមផាកពិន័យជាប្រាក់ និងទោសដាក់ពន្ធនាគារពី ៦ ខែ រហូតដល់ ៥ ឆ្នាំ។ រីឯអ្នកបញ្ចប់កាតព្វកិច្ចវិញ នឹងទទួលបានអត្ថប្រយោជន៍ដូចជា អាទិភាពក្នុងការងាររដ្ឋ និងឯកជន ការរក្សាមុខតំណែង និងប្រាក់ខែសម្រាប់អ្នកមានការងារស្រាប់ ការអនុញ្ញាតឱ្យចូលរៀនវិញដោយរក្សាលទ្ធផលសិក្សាចាស់ ព្រមទាំងទទួលបានរបបស្បៀង និងប្រាក់ឧបត្ថម្ភក្នុងពេលបំពេញការងារ។
ឯកឧត្តម កែប ជុតិមា បានសង្កត់ធ្ងន់ថា កិច្ចប្រជុំនេះមិនមែនជាវេទិកាសាកសួរដេញដោលទេ ប៉ុន្តែជាយន្តការប្រមូលមតិយោបល់ និងធាតុចូលសំខាន់ៗ ដើម្បីធ្វើឱ្យច្បាប់មានគុណភាពខ្ពស់បំផុត និងបម្រើផលប្រយោជន៍ជាតិ ព្រមទាំងប្រជាជនជាធំ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា ច្បាប់ចាស់ឆ្នាំ២០០៦ ពុំទាន់គ្របដណ្តប់គ្រប់ជ្រុងជ្រោយសម្រាប់ស្ថានភាពបច្ចុប្បន្នទេ ដូច្នេះការធ្វើបច្ចុប្បន្នភាពច្បាប់នេះ គឺជាការចាំបាច់ដើម្បីពង្រឹងសន្តិសុខជាតិ និងបណ្តុះស្មារតីស្នេហាជាតិដល់យុវជនជំនាន់ក្រោយ។
ប្រភព៖ (CCFR)
