ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងកាលពីវេលាម៉ោង ១០:២០ យប់ ថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៦ នៅត្រង់ចំណុចផ្លូវបំបែកជាបួន ផ្លូវលេខ ១៨២ កែង ៣៣៦ ក្នុងសង្កាត់វាលវង្ស ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក KIA ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2BY-2396 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ ១៨២ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនមធ្យម។

ខណៈមកដល់ចំណុចផ្លូវបំបែក ស្រាប់តែមានម៉ូតូម៉ាក ហុងដាឌ្រីម (Dream) ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CQ-1851 ជិះដោយបុរស ២ នាក់ឌុបគ្នា ចេញពីផ្លូវ ៣៣៦ ទិសដៅពីត្បូងទៅជើង ឆ្លងផ្លូវបំបែកក្នុងល្បឿនលឿនដោយមិនប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្ត KIA ចំពីមុខចំហៀងខាងស្ដាំយ៉ាងពេញទំហឹង។

កម្លាំងនៃការបុកគ្នាបានធ្វើឲ្យម៉ូតូដួល ហើយខ្ទាតចូលទៅក្រោមរថយន្តមួយគ្រឿងទៀតដែលចតចោលនៅលើចិញ្ចើមផ្លូវ បណ្ដាលឲ្យខូចខាតយ៉ាងដំណំ។ ចំណែកបុរស២នាក់ជាម្ចាស់ម៉ូតូបានរងរបួសធ្ងន់ ១ នាក់ និងស្រាល ១ នាក់ ហើយត្រូវបានដឹកតាមកង់បីបន្ទាន់ទៅកាន់មន្ទីរពេទ្យ។

ភ្លាមៗក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែង និងយករថយន្ត និងម៉ូតូទៅរក្សាទុកជាបណ្ដោះអាសន្ន ដើម្បីរង់ចាំភាគីទាំងសងខាងធ្វើការដោះស្រាយគ្នានៅពេលក្រោយ។

រីឯម្ចាស់រថយន្ត KIA ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាននៅនឹងកន្លែងកើតហេតុ ដើម្បីធ្វើការសាកសួរ និងដោះស្រាយតាមនីតិវិធី។


ដោយ៖ ភារ៉ា ដង្កោ
