ខេត្តកណ្ដាល៖ កម្លាំងនគរបាលក្រុងតាខ្មៅបានចាប់ខ្លួនជនសង្ស័យឈ្មោះ យ៉ា ខរីន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបុរីគ្រីស្តាល់ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ពាក់ព័ន្ធករណីប្រើអំពើហិង្សាយ៉ាងឃោរឃៅលើស្ត្រីម្នាក់ និងកូនតូច កាលពីយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦។

នគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ករណីហិង្សាដ៏គួរឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ៩:៣០នាទីយប់ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្ដាល បណ្ដាលឲ្យស្ត្រីរងគ្រោះ និងកូនតូចរងរបួស ព្រមទាំងស្ថិតក្នុងស្ថានភាពភ័យរន្ធត់ បន្ទាប់ពីត្រូវជនសង្ស័យដេញវាយតាមដងផ្លូវ ចាប់ពីមុខផ្ទះពេទ្យរស់ ក្បែរផ្សារកាច់ជ្រុង រហូតដល់ក្បែររបងវិទ្យាល័យតាខ្មៅ។

លោក វេង គឹមហួរ ជាប្តីស្ត្រីរងគ្រោះឈ្មោះ កុយ រាសី បានប្រាប់នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ថា មុនកើតហេតុ ភរិយារបស់លោកបាននាំកូនតូចទៅលេងផ្ទះអ្នកស្គាល់គ្នានៅម្ដុំផ្សារកាច់ជ្រុង។ នៅទីនោះ ម្ចាស់ផ្ទះបានហៅជនសង្ស័យមកផឹកស៊ីជុំគ្នា ក៏ក្រោយមកផ្ទុះទំនាស់ ឈានដល់ការប្រើអំពើហិង្សា។

ប្រភពដដែលបន្តថា បន្ទាប់ពីវាយប្រហារស្ត្រីរងគ្រោះ និងកូនតូចបណ្ដាលឲ្យរងរបួសហើយ ជនសង្ស័យមិនបានបញ្ឈប់សកម្មភាពត្រឹមនោះទេ ថែមទាំងបន្តដេញតាមវាយតាមផ្លូវសាធារណៈ។ មិនតែប៉ុណ្ណោះ ជនសង្ស័យត្រូវបានអះអាងថាបានប្រើកាំបិតប៉័ងតោ ព្យាយាមកាប់បំផ្លាញម៉ូតូ និងបង្កការគំរាមកំហែងដល់សុវត្ថិភាពកុមារដែលនៅជាមួយម្ដាយទៀតផង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ភាគីទាំងពីរជាមនុស្សស្គាល់គ្នា និងធ្លាប់បម្រើការងារនៅរោងចក្រជាមួយគ្នាពីមុន។ ក្រោយកើតហេតុ ស្ត្រីរងគ្រោះបានដាក់ពាក្យបណ្ដឹងជាផ្លូវការនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីស្នើសុំឲ្យសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់។

លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ថា បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនរួចហើយ និងកំពុងកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធីច្បាប់។




