ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជំរុញលើកទឹកចិត្តដល់សមាគមសារព័ត៌មានចិន និងអង្គភាពព័ត៌មានផ្សាយជាភាសាចិន ឱ្យបន្តពង្រឹងស្តង់ដាផ្សព្វផ្សាយប្រកបដោយការទទួលខុសត្រូវ ដើម្បីការពារផលប្រយោជន៍សាធារណៈ និងពង្រឹងទំនាក់ទំនងកម្ពុជា-ចិន។

ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជួបប្រជុំជាមួយសមាគមសារព័ត៌មានចិន និងអង្គភាពព័ត៌មានផ្សាយជាភាសាចិន នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ នាទីស្តីការក្រសួង។ កិច្ចប្រជុំនេះមានគោលបំណងរួមគ្នាផ្សព្វផ្សាយព័ត៌មានវិជ្ជមាន ដើម្បីទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរចិន ព្រមទាំងទប់ស្កាត់ព័ត៌មានក្លែងក្លាយ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន គឺជាចំណុចសំខាន់ក្នុងការលើកកម្ពស់គុណភាព និងស្តង់ដាផ្សាយព័ត៌មាន ព្រមទាំងប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងព័ត៌មានបំភ្លៃការពិតនៅកម្ពុជា។

លោក នេត្រ ភក្ត្រា បានលើកឡើងពីតួនាទីដ៏សំខាន់របស់សមាគមសារព័ត៌មានចិន និងអង្គភាពព័ត៌មានផ្សាយជាភាសាចិន ក្នុងការផ្តល់ព័ត៌មានពិតដល់ប្រជាជនចិន និងលុបបំបាត់ព័ត៌មានមិនពិត ខណៈកន្លងមកកម្ពុជាធ្លាប់រងគ្រោះដោយជនបរទេសប្រឌិតព័ត៌មានក្លែងក្លាយតាមបណ្តាញសង្គម ធ្វើឱ្យខូចកេរ្តិ៍ឈ្មោះប្រទេស។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើឱ្យអង្គភាពព័ត៌មានផ្សាយជាភាសាចិន បន្តផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយអំពីការពិតនៅកម្ពុជា សក្តានុពលទេសចរណ៍ និងការវិនិយោគ ព្រមទាំងត្រូវផ្ទៀងផ្ទាត់ប្រភពឱ្យច្បាស់លាស់ មុនពេលផ្សាយ ដើម្បីចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ។

ឯកឧត្តម បានបញ្ជាក់ថា អង្គភាពព័ត៌មានផ្សាយជាភាសាចិន ត្រូវបន្តផ្សព្វផ្សាយព័ត៌មានប្រកបដោយតុល្យភាព មានប្រភពច្បាស់លាស់ ដើម្បីបង្កើនការយល់ដឹង និងទំនុកចិត្តរបស់ប្រជាជនលើសារព័ត៌មាន ព្រមទាំងលើកកម្ពស់សាមគ្គីភាពរវាងប្រជាជនកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំថែមទៀត៕
ដោយ៖ តារា
