បាត់ដំបង៖ ករណីរំជើបរំជួលលើបណ្តាញសង្គមជុំវិញការនាំផ្លែទុរេនពីប្រទេសថៃចូលមកកម្ពុជារបស់ម្ចាស់ហ្វេសប៊ុកឈ្មោះ អា ឡែន ត្រូវបានសមត្ថកិច្ចខេត្តបាត់ដំបងអញ្ជើញឲ្យចូលខ្លួនមកបំភ្លឺកាលពីថ្ងៃទី៤ ឧសភា ២០២៦ ។

លទ្ធផលនៃការសាកសួរបានបង្ហាញថា ឈ្មោះពិតរបស់គាត់គឺ ព្រឿនសាក់ឡែន ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិភ្នំចាំចាប ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។ គាត់បានសារភាពថាសម្លេងក្នុងសារដែលបែកធ្លាយនៅលើបណ្តាញសង្គមគឺជាសម្លេងរបស់គាត់ពិតមែន ដែលបានទំនាក់ទំនងជាមួយអ្នករកស៊ីទិញផ្លែទុរេន។

គាត់បន្តថា ចាប់ពីខែមេសា ដល់ដើមខែឧសភា ២០២៦ គាត់បានទិញផ្លែទុរេនពីជនជាតិថៃដែលធ្លាប់រកស៊ីជាមួយគ្នាចំនួន០៣លើក សរុបប្រមាណ២,០០០គីឡូក្រាម (២តោន) ដោយសារមានអ្នកបញ្ជាទិញនៅខេត្តកំពង់ចាម។ ទំនិញទាំងអស់ត្រូវបានដឹកតាមព្រំដែនកាប៊ីន ហើយគាត់បញ្ជូនបន្តទៅកំពង់ចាមវិញភ្លាមៗ ដោយលោកអះអាងថាមិនដឹងពីរបៀបនាំចូលនោះទេ។

ទោះបីជាមានការបំភ្លឺបែបនេះក្តី អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានបញ្ជាក់ថា សមត្ថកិច្ចនៅតែបន្តស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ដើម្បីស្វែងរកអ្នកពាក់ព័ន្ធបន្ថែមទៀត និងចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន៕
ដោយ៖ សិលា
