កាលពីវេលាម៉ោង ១៦:៣០ នាទី ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ អាជ្ញាធរបានទទួលព័ត៌មានតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ អំពីករណីបុរសម្នាក់ឈ្មោះ ម៉ៅ ចំណាប់ ភេទប្រុស អាយុ ៣៦ឆ្នាំ មានសភាពបែកថ្នាំ បានធ្វើសកម្មភាពបង្កហិង្សាបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងគ្រួសារ និងដុតផ្ទះខ្លួនឯង។

ហេតុការណ៍នេះកើតឡើងនៅចំណុចផ្ទះលេខ ៤២ ផ្លូវលេខ ១៩ ភូមិ ០៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះដល់ទីតាំងភ្លាមៗ ធ្វើការអន្តរាគមន៍ ជួយពន្លត់ភ្លើងបានទាន់ពេលវេលា ព្រមទាំងឃាត់ខ្លួនជនបង្កបានយ៉ាងក្លាហាន។

ក្រោយហេតុការណ៍ដ៏ភ្ញាក់ផ្អើលត្រូវបានបញ្ចប់ ប្រជាពលរដ្ឋក្បែរខាងដែលបារម្ភខ្លាចភ្លើងឆេះរាលដាលដល់ផ្ទះរបស់ពួកគាត់ បានសម្តែងការថ្លែងអំណរគុណយ៉ាងរំភើបចំពោះកម្លាំងអាវុធហត្ថដែលបានចុះជួយអន្តរាគមន៍ទាន់ពេលវេលា។

លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋ ប្រសិនបើជួបហេតុការណ៍ត្រូវការអន្តរាគមន៍បន្ទាន់ សូមទាក់ទងមកកាន់លេខ ១២៩១ ឬតាមរយៈ Telegram, WhatsApp, CoolApp លេខ 031 5555 669 ឬឆាតតាមផេកហ្វេសប៊ុក Phnom Penh Gendarmerie។





