ភ្នំពេញ៖ ដំណើររឿងមួយដែលគ្រាន់តែនិយាយពីការខឹងសម្បារគ្នាលើបណ្ដាញសង្គម បានក្លាយជាហេតុការណ៍ពិតនៅលើដងផ្លូវ ពេលបុរសម្នាក់សម្រេចចិត្តយកដំបងកាក់ទៅឈរស្ទាក់មុខរថយន្តដឹកកុងតឺន័រដ៏ធំ និងគំរាមវាយអ្នកបើកបរ បង្កការភ្ញាក់ផ្អើលពេញបណ្ដាញសង្គម។

តាមការបញ្ជាក់ពីសមត្ថកិច្ច ហេតុការណ៍នេែកើតឡើងនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១១និង១០នាទីព្រឹក នៅលើមហាវិថីឈ្នះឈ្នះ ក្នុងភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ ថេង ប៊ុនថាត (អាយុ២៦ឆ្នាំ) ជាអ្នកបើកបររថយន្ត រស់នៅខេត្តកំពង់ចាម។ ចំណែកជនបង្កឈ្មោះ សាម ភារុន (អាយុ២៩ឆ្នាំ) ជាអ្នកបើកបរដូចគ្នា រស់នៅបន្ទប់ជួលក្នុងខណ្ឌពោធិ៍សែនជ័យ។

ការស្រាវជ្រាវបឋមបានបង្ហាញថា ភាគីទាំងពីរពិតជាមិត្តភក្តិនឹងគ្នា តែកើតមានការខឹងទាស់ពាក្យសម្ដីនៅលើបណ្ដាញសង្គម មុននឹងឈានដល់ការប្រឈមមុខគ្នាដោយផ្ទាល់។ ជនបង្កបានកាន់ដំបងឈរកាក់មុខរថយន្ត ហៅឱ្យចុះមកដោះស្រាយ ហើយថែមទាំងវាយកាបាំងជ័រការពារទឹកភ្លៀងនៅទ្វាររថយន្តឱ្យខូចខាតទៀតផង។

ក្រោយវីដេអូផ្ទុះលើបណ្ដាញសង្គម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្រោម នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនបង្កមកសាកសួរ។ នៅថ្ងៃទី០៣ ខែឧសភា សមត្ថកិច្ចបានទាក់ទងភាគីរងគ្រោះឱ្យមកដាក់ពាក្យបណ្ដឹង តែតំណាងភាគីរងគ្រោះបានសម្រេចមិនប្តឹង បន្ទាប់ពីជនបង្កទទួលស្គាល់កំហុស សុំទោស និងទទួលបានការយោគយល់។ ទីបំផុត ភាគីទាំងពីរបានព្រមព្រៀងបញ្ចប់វិវាទដោយសន្តិវិធី ធ្វើកិច្ចសន្យាមិនប្តឹងផ្តល់គ្នា ខណៈជនបង្កត្រូវបានអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពបង្កបញ្ហាបែបនេះជាថ្មី ដើម្បីរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម៕
