ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចម្រុះ ក្រោមការបញ្ជាផ្ទាល់ពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង លោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យបង្ខាំងមនុស្សខុសច្បាប់មួយកន្លែង នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ នៅអគារខុនដូ ប្រូវេន (PROVANCE) សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោយទទួលបានបណ្តឹងតាមរយៈ Hotline និងការសម្របសម្រួលនីតិវិធីពី លោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ លទ្ធផលសមត្ថកិច្ចបានរកឃើញបទល្មើសចំនួន ៣ ករណីធំៗ៖
ករណីទី១៖ សង្គ្រោះជនជាតិជប៉ុន
សមត្ថកិច្ចបានសង្គ្រោះបុរសជនជាតិជប៉ុនម្នាក់ ដែលត្រូវបានគេអូសទាញមកពីខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងជួញដូរបន្តទៅគោលដៅផ្សេងទៀត។

ករណីទី២៖ ឃាត់ខ្លួនជនជាតិចិន ៤នាក់ ពាក់ព័ន្ធ Online Scam
ឃាត់ខ្លួនបុរសជនជាតិចិន ៤ នាក់ និងដកហូតសម្ភារៈបច្ចេកទេសជាច្រើន រួមមាន៖ ទូរស័ព្ទដៃ ១២៧ គ្រឿង, CPU ២ គ្រឿង, Monitor ២ គ្រឿង និងកុំព្យូទ័រ All In One ៤ គ្រឿង។ ការធ្វើកោសល្យវិច័យបឋមបង្ហាញថា ពួកគេបានបង្កើត “ស្ទូឌីយោក្លែងក្លាយ” និងក្លែងអត្តសញ្ញាណ ដើម្បីឆបោកតាម Online។
ករណីទី៣៖ ជនបរទេសគ្មានលិខិតស្នាក់នៅត្រឹមត្រូវ
រកឃើញជនបរទេសស្នាក់នៅដោយគ្មានលិខិតស្នាមត្រឹមត្រូវសរុប ១២ នាក់ (ប្រុស) ដែលមានសញ្ជាតិចិន និងវៀតណាម។

បច្ចុប្បន្ន វត្ថុតាង និងជនសង្ស័យទាំងអស់ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់បន្ត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាម៉ឺងម៉ាត់
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់ បន្តបង្ក្រាបបទល្មើសនេះដោយគ្មានបង្អង់ដៃឡើយ។ សម្តេចបញ្ជាក់ថា ច្បាប់មានហើយ ត្រូវតែអនុវត្តឱ្យបានម៉ត់ចត់ ដោយគ្មានការលើកលែង សូម្បីតែក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរក៏ដោយ។
សូមរម្លឹកថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានអនុម័តកាលពីថ្ងៃទី៦ ខែមេសា និងបានអនុវត្តន៍ចាប់តាំងពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ មក។ ច្បាប់នេះបានបង្កើតបទល្មើសព្រហ្មទណ្ឌថ្មីចំនួន ៥ ដោយជនល្មើសត្រូវប្រឈមនឹងការជាប់ពន្ធនាគារខ្ពស់បំផុតរហូតដល់ ១ ជីវិត និងពិន័យជាប្រាក់ដល់ទៅ ១,០០០ លានរៀល ព្រមទាំងការរឹបអូសទ្រព្យសម្បត្តិផងដែរ។
ប្រភព៖ លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)
