អភិបាលខេត្តកែប ផ្តាំផ្ញើប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះមុខសញ្ញាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កុំឱ្យខ្មាំងសត្រូវបំផ្លាញសន្តិភាពក្នុងខេត្ត

អភិបាលខេត្តកែប ផ្តាំផ្ញើប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះមុខសញ្ញាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កុំឱ្យខ្មាំងសត្រូវបំផ្លាញសន្តិភាពក្នុងខេត្ត

ខេត្តកែប៖ អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ បានលើកឡើងយ៉ាងច្បាស់ថា បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) មិនត្រឹមតែជាអន្ទាក់ឆក់ប្លន់យកទ្រព្យសម្បត្តិដែលជាញើសឈាមរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ តែវាកំពុងបំផ្លាញកិត្តិយស សេចក្តីថ្លៃថ្នូរ និងមុខមាត់ដ៏ស្រស់ត្រកាលរបស់ប្រទេសជាតិយើងទៀតផង។

អភិបាលខេត្តកែប

លោកបានអំពាវនាវយ៉ាងទទូចដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ក្នុងភូមិសាស្ត្រខេត្តកែប សូមចូលរួមសហការយ៉ាងមុតមាំជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីរួមគ្នាទប់ស្កាត់ និងបោសសម្អាតឧក្រិដ្ឋកម្មនេះឱ្យអស់ពីមូលដ្ឋាន។

អភិបាលខេត្តកែប សូមបងប្អូនបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយកុំងាយជឿ កុំចុចតំណភ្ជាប់ (Links) ផ្តេសផ្តាស កុំផ្ទេរប្រាក់ទៅជនអនាមិក និងត្រូវរាយការណ៍ជាបន្ទាន់ជូនអាជ្ញាធរមូលដ្ឋាន ក្នុងករណីប្រទះឃើញទីតាំង ឬសកម្មភាពសង្ស័យណាមួយ ដើម្បីឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងស្ថាប័នតុលាការចុះអនុវត្តនីតិវិធីច្បាប់ ស្របតាមអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាល និងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

កែបគ្មានឧក្រិដ្ឋកម្មបច្ចេកវិទ្យា

ដើម្បីរក្សាខេត្តកែបឱ្យក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញប្រកបដោយសុវត្ថិភាព និងគ្មានឧក្រិដ្ឋកម្មបច្ចេកវិទ្យា យើងមិនត្រូវបណ្តោយឱ្យក្រុមជនខិលខូចមួយចំនួនតូចដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន មកបំផ្លាញសហគមន៍ ខេត្ត និងប្រទេសជាតិយើងឡើយ៕

ដោយ៖ សិលា

administrator

Related Articles