ខ្ទប់អស់! សមត្ថកិច្ចឃាត់ខ្លួនជនជាតិប៉ាគីស្ថាន ២នាក់ ពាក់ព័ន្ធករណីបាញ់គំរាម និងឆក់ប្លន់បុគ្គលិកចាក់សាំងនៅប៉ោយប៉ែត

ខ្ទប់អស់! សមត្ថកិច្ចឃាត់ខ្លួនជនជាតិប៉ាគីស្ថាន ២នាក់ ពាក់ព័ន្ធករណីបាញ់គំរាម និងឆក់ប្លន់បុគ្គលិកចាក់សាំងនៅប៉ោយប៉ែត

ក្រុងប៉ោយប៉ែត៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងខេត្តព្រះសីហនុ បានធ្វើការស្រាវជ្រាវតាមឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ ជាជនជាតិប៉ាគីស្ថាន ខណៈម្នាក់ទៀតកំពុងគេចខ្លួន ក្នុងករណីបាញ់គំរាម និងប្លន់បុគ្គលិកចាក់សាំង កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។

ឃាត់ខ្លួនជនសង្ស័យ

ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ NOMAN MUHAMMAD ភេទប្រុស អាយុ៣៤ឆ្នាំ និង ALI HASSAN ភេទប្រុស អាយុ២៦ឆ្នាំ ត្រូវបានឃាត់ខ្លួននៅចំណុចផ្លូវទំនប់កប់ស្រូវ ភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមការសារភាពរបស់ក្រុមជនសង្ស័យ ពួកខ្លួនមានគ្នាចំនួន៣នាក់ ពិតជាបានធ្វើសកម្មភាពយកអាវុធខ្លីចំនួន១ដើម ភ្ជង់ជនរងគ្រោះយកកាបូបលុយនៅចំណុចដេប៉ូសាំង PTT ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

រថយន្ត TOYOTA PRIUS

សូមបញ្ជាក់ថា កាលពីវេលាម៉ោង ៤:១៧ ទាបភ្លឺ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ក្រុមជនសង្ស័យបានជិះរថយន្តម៉ាក TOYOTA PRIUS ពណ៌ស ផ្លាកលេខ 2BR-8282 ចូលទៅដេប៉ូសាំង PTT បាញ់គំរាម និងឆក់យកកាបូបស្ពាយពីជនរងគ្រោះឈ្មោះ ទូច សុវណ្ណឧត្តម ភេទប្រុស អាយុ២៧ឆ្នាំ ជាបុគ្គលិកលក់សាំង រួចនាំគ្នាជិះគេចខ្លួនបាត់។ ក្នុងនោះជនរងគ្រោះបាត់បង់កាបូបស្ពាយ និងលុយសរុបជិត ៣,០០០ដុល្លារ ។ ជនសង្ស័យទាំង២នាក់ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។

administrator

Related Articles