កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ បានបន្តរុករាយទីតាំងសំងំលាក់ខ្លួនរបស់ជនបរទេស ដែលរត់គេចពីការបង្ក្រាបបទល្មើសឆបោកតាមបច្ចេកវិទ្យា (Online Scam) នៅភូមិសាស្ដ្រជាយក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ដោយឃាត់ខ្លួនជនបរទេសប្រុសស្រីជាច្រើនរយនាក់។

ប្រតិបត្តិការនេះធ្វើឡើងអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក មួង សុធា, លោកឧត្តមសេនីយ៍ឯក យឹម លាង និង លោកឧត្តមសេនីយ៍ឯក សៀង សេន អគ្គស្នងការរងនគរបាលជាតិ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។


បើតាមសេចក្ដីរាយការណ៍ កម្លាំងជំនាញបានចុះបង្ក្រាបនៅទីតាំងផ្ទះវីឡាចំនួន២កន្លែង ក្នុងភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានក្រសោបឃាត់ខ្លួនជនជាតិបរទេសជាច្រើនរយនាក់ ព្រមទាំងដកហូតបានកាំភ្លើងខ្លី រថយន្ដ និងសម្ភារមួយចំនួនទៀត។



ប្រតិបត្តិការនេះគឺជាការបន្តយុទ្ធនាការបង្ក្រាបបទល្មើសឆបោកតាមបច្ចេកវិទ្យាដែលកំពុងប្រព្រឹត្តិដោយក្រុមជនបរទេសនៅតាមតំបន់ព្រំដែន។ ជនរងគ្រោះនៃបទល្មើសនេះភាគច្រើនជាជនបរទេសដែលត្រូវគេបញ្ឆោតឲ្យវិនិយោគតាមប្រព័ន្ធអនឡាញ។


អគ្គស្នងការដ្ឋាននគរបាលជាតិបានអំពាវនាវដល់សាធារណជនទាំងអស់ សូមចូលរួមសហការផ្ដល់ព័ត៌មានបន្ថែមទៀត ដើម្បីរួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញនេះឲ្យអស់ពីសង្គមជាតិយើង។

