នារសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលនឹងអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ-សង្កាត់ នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ នាថ្ងៃទី០៧ ឧសភា។

ក្នុងកិច្ចប្រជុំ លោកស្នងការបានដាក់ចេញវិធានការច្បាស់លាស់ ដោយផ្តោតលើការពង្រឹងសន្តិសុខគ្រប់ផ្នែក រួមមានការពារសុវត្ថិភាពថ្នាក់ដឹកនាំជាន់ខ្ពស់ ការគ្រប់គ្រងចរាចរណ៍ ការរក្សាសណ្ដាប់ធ្នាប់សាធារណៈ ការពារប្រឆាំងបទល្មើស និងការត្រៀមឆ្លើយតបបន្ទាន់គ្រប់ស្ថានភាព។

កិច្ចប្រជុំនេះមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ និងកម្លាំងពាក់ព័ន្ធដូចជា ឧត្តមសេនីយ៍ និងវរសេនីយ៍ស្នងការរងទាំងអស់ នាយការិយាល័យទាំង៣៣ នាយ និងនាយរងការិយាល័យ អធិការ និងអធិការរងទទួលបន្ទុកផ្នែកសេនាធិការ ព្រហ្មទណ្ឌ សន្តិសុខ សណ្ដាប់ធ្នាប់ គ្រឿងញៀន អត្តសញ្ញាណប័ណ្ណ ព្រមទាំងអធិការក្រុង-ស្រុកទាំង១០។


ការរៀបចំផែនការនេះបង្ហាញពីការត្រៀមខ្លួនយ៉ាងម៉ឺងម៉ាត់ និងការសហការយ៉ាងជិតស្និទ្ធរបស់កម្លាំងនគរបាលខេត្តតាកែវ ដើម្បីធានាឱ្យពិធីសំខាន់នេះប្រព្រឹត្តទៅដោយរលូន មានសុវត្ថិភាព និងសណ្ដាប់ធ្នាប់ល្អប្រសើរ។
អត្ថបទ៖ វីរៈ
