ភ្នំពេញ៖ កម្លាំងនគរបាលអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានចាត់ចែងបណ្តេញជនជាតិចិនប្រមាណ ៣៣០នាក់ (ក្នុងនោះមានស្ត្រី៦នាក់) ដែលជាប់ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងការលួចស្នាក់នៅ ធ្វើការខុសច្បាប់ ត្រឡប់ទៅប្រទេសកំណើតវិញកាលពីយប់ថ្ងៃទី៥ ឈានចូលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦។
ការនិរទេសនេះធ្វើឡើងតាមរយៈយន្តហោះពិសេសនៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ដោយសហការជាមួយស្ថានទូតចិន ក្រោមការណែនាំរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍។
នេះជាវិធានការបន្តបន្ទាប់ពីការដឹកនាំដ៏ម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងកិច្ចខិតខំបោសសម្អាតឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាគ្រប់ប្រភេទចេញពីព្រះរាជាណាចក្រកម្ពុជា។
រដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលុបបំបាត់រាល់សកម្មភាពឆបោកតាមប្រព័ន្ធអេឡិចត្រូនិក ដោយមិនលើកលែងសូម្បីតែមេខ្លោងនៅពីក្រោយឆាក ព្រមទាំងជួយសង្គ្រោះជនរងគ្រោះឲ្យមានសេរីភាពវិលត្រឡប់ទៅស្រុកកំណើតវិញផងដែរ។
ដោយ៖ តារា
