អគ្គនាយករងមជ្ឈមណ្ឌលរក្សាសន្តិភាពកម្ពុជា ជួបពិភាក្សាការងារជាមួយប្រតិភូក្រសួងការពារជាតិវៀតណាម ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់រក្សាសន្តិភាពអង្គការសហប្រជាជាតិ

អគ្គនាយករងមជ្ឈមណ្ឌលរក្សាសន្តិភាពកម្ពុជា ជួបពិភាក្សាការងារជាមួយប្រតិភូក្រសួងការពារជាតិវៀតណាម ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់រក្សាសន្តិភាពអង្គការសហប្រជាជាតិ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ជា សារិន អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានទទួលជួបពិភាក្សាការងារជាមួយលោកវរសេនីយ៍ឯក វូ វ៉ានត្រៀម នាយករងនាយកដ្ឋាននីតិកម្ម ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យច្បាប់រក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

កិច្ចប្រជុំ

លោកឧត្តមសេនីយ៍ទោ ជា សារិន បានសម្តែងនូវការពេញចិត្តដែលភាគីទាំងពីរបានរួមគ្នាពិភាក្សាលើប្រធានបទច្បាប់ស្តីពីការចាត់បញ្ជូនកងកម្លាំងចូលរួមរក្សាសន្តិភាព ដើម្បីផ្លាស់ប្តូរបទពិសោធន៍ យោបល់ និងគំនិតល្អៗ ដែលអាចបំពេញនូវចន្លោះប្រហោងឱ្យកាន់តែល្អប្រសើរ។ លោកបានជឿជាក់ថា ជំនួបនេះនឹងក្លាយជាចំណុចចាប់ផ្តើមដ៏ល្អប្រសើរ ឈានទៅរកកិច្ចសហការប្រកបដោយផ្លែផ្កាសម្រាប់ភាគីទាំងសងខាងនាពេលអនាគត។

កិច្ចប្រជុំ

លោកឧត្តមសេនីយ៍ទោបានជម្រាបជូនថា ក្រោយបញ្ចប់សង្គ្រាមស៊ីវិល កម្ពុជាបានប្រែក្លាយពីប្រទេសដែលទទួលអន្តរាគមន៍រក្សាសន្តិភាពពីអង្គការសហប្រជាជាតិ ទៅជាប្រទេសបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាពវិញ។ កម្ពុជាបានចាប់ផ្តើមបញ្ជូនកងកម្លាំងតាំងពីឆ្នាំ២០០៦ ជាមួយបេសកកម្ម UNMIS នៅស៊ូដង់ ហើយរហូតមកដល់បច្ចុប្បន្នបានបញ្ជូនកងកម្លាំងសរុបចំនួន ១០,៤៤០នាក់ (នារី ៩៨៨នាក់) ទៅកាន់ប្រទេសចំនួន១០ លើជំនាញដូចជា បោសសម្អាតមីន រាជអាវុធហត្ថ មន្ទីរពេទ្យកម្រិត២ វិស្វកម្ម និងសង្កេតការណ៍យោធា។

លោកវរសេនីយ៍ឯក វូ វ៉ានត្រៀម បានសម្តែងនូវការអបអរសាទរចំពោះភាពជោគជ័យរបស់កម្ពុជា និងបានបង្ហាញនូវការតាំងចិត្តក្នុងការធ្វើកិច្ចសហការឱ្យកាន់តែស្អិតល្មួតជាមួយមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពកម្ពុជាបន្ថែមទៀត។

ដោយ៖ សំរិត

administrator

Related Articles