រដ្ឋមន្ត្រី ហួត ហាក់ អំពាវនាវដល់មហាគ្រួសារវិស័យទេសចរណ៍ ចូលរួមបរិច្ចាគឈាម ជួយសង្គ្រោះអាយុជីវិតបងប្អូនជនរួមជាតិ

រដ្ឋមន្ត្រី ហួត ហាក់ អំពាវនាវដល់មហាគ្រួសារវិស័យទេសចរណ៍ ចូលរួមបរិច្ចាគឈាម ជួយសង្គ្រោះអាយុជីវិតបងប្អូនជនរួមជាតិ

នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីបរិច្ចាគឈាមរបស់ក្រសួង ក្រោមប្រធានបទ «ចូលរួមបរិច្ចាគឈាមជាមួយមហាគ្រួសារវិស័យទេសចរណ៍ក្នុងរដូវកាលបៃតង» ដែលរៀបចំឡើងរួមគ្នាជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម។

ពិធីបរិច្ចាគឈាម

កម្មវិធីនេះប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយ ស្និទ្ធស្នាល និងសាមគ្គីភាព ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា ព្រមទាំងក្រុមគ្រូពេទ្យជំនាញមកពីមជ្ឈមណ្ឌលជាតិផ្តល់ឈាម សរុបចំនួន ៣១០រូប

កម្មវិធីនេះរៀបចំឡើងដើម្បីអបអរសាទរខួបទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ និងខួបលើកទី៧១ ឆ្នាំកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។

ពិធីបរិច្ចាគឈាម

ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានលើកឡើងថា ការបរិច្ចាគឈាមមិនត្រឹមតែជាការចែករំលែកតំណក់ឈាមប៉ុណ្ណោះទេ ប៉ុន្តែជាការចែករំលែកក្តីស្រឡាញ់ ក្តីសង្ឃឹម និងជីវិតទៅកាន់អ្នកដែលកំពុងត្រូវការជំនួយ។ លោកបានសង្កត់ធ្ងន់ថា មហាគ្រួសារវិស័យទេសចរណ៍តែងតែរួមគ្នាធ្វើអំពើល្អ និងបន្តផ្សព្វផ្សាយស្មារតីមនុស្សធម៌ក្នុងសង្គមកម្ពុជា។

ពិធីបរិច្ចាគឈាម

លោករដ្ឋមន្ត្រីបានបន្តថា វិស័យទេសចរណ៍មិនត្រឹមតែដើរតួនាទីជាកម្លាំងជំរុញសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវិស័យដែលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការសង្គម និងមនុស្សធម៌ ស្របតាមទិសស្លោករបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន «ទេសចរណ៍ដើម្បីទាំងអស់គ្នា, ទាំងអស់គ្នាដើម្បីទេសចរណ៍»។

ពិធីបរិច្ចាគឈាម

ពិសេសជាងនេះ កម្មវិធីបរិច្ចាគឈាមក៏បានឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព ភាតរភាព និងការចូលរួមរបស់មហាគ្រួសារវិស័យទេសចរណ៍ ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល និងកាកបាទក្រហមកម្ពុជា ដើម្បីលើកកម្ពស់ការងារមនុស្សធម៌ និងផ្សព្វផ្សាយសារនៃក្តីស្រឡាញ់ ការចែករំលែក និងសន្តិភាពក្នុងសង្គមកម្ពុជា។

ពិធីបរិច្ចាគឈាម
ពិធីបរិច្ចាគឈាម
ពិធីបរិច្ចាគឈាម
ពិធីបរិច្ចាគឈាម
ពិធីបរិច្ចាគឈាម
ពិធីបរិច្ចាគឈាម
ពិធីបរិច្ចាគឈាម

ដោយ៖ តារា

administrator

Related Articles