អគ្គមេបញ្ជាការ៖ ហ្វីលីពីននឹងសរសេរប្រវត្តិសាស្ត្រថ្មី បញ្ចប់ជម្លោះកម្ពុជា-ថៃ

អគ្គមេបញ្ជាការ៖ ហ្វីលីពីននឹងសរសេរប្រវត្តិសាស្ត្រថ្មី បញ្ចប់ជម្លោះកម្ពុជា-ថៃ

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានទទួលជួបលោកឧត្តមនាវីត្រី GLENN Z DIZON ប្រធានបេសកកម្មក្រុមសង្កេតការណ៍អាស៊ាន (AOT HOM) ហ្វីលីពីន នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦។

ក្នុងជំនួបនោះ លោក GLENN Z DIZON បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំកម្ពុជាដែលបានសហការល្អ និងជួយសម្របសម្រួលឱ្យក្រុម AOT អនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។

លោកប្រធានបេសកកម្មបានសន្យាថានឹងបន្តបំពេញការងារដោយសកម្ម និងអព្យាក្រឹតភាព ជាពិសេសការបង្កើនការល្បាតនៅតំបន់ព្រំដែនដែលមានជម្លោះ។

ជាការឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានស្វាគមន៍វត្តមានប្រធាន AOT ថ្មី និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ AOT កន្លងមក។ ឯកឧត្តមបានថ្លែងអំណរគុណដល់បណ្តាប្រទេសសមាជិកអាស៊ាន ដែលបង្ហាញសាមគ្គីភាព និងការប្តេជ្ញាចិត្តដើម្បីរក្សាសន្តិភាពក្នុងតំបន់។

ឯកឧត្តមបានបញ្ជាក់ពីជំហរកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី ព្រមទាំងប្រកាន់ខ្ជាប់គោលការណ៍មិនកែប្រែព្រំដែនដោយកម្លាំងប្រដាប់អាវុធ។

ថ្នាក់ដឹកនាំកម្ពុជាបានគូសបញ្ជាក់ពីការគាំទ្រ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុម AOT សម្រាប់អាណត្តិថ្មីដឹកនាំដោយហ្វីលីពីន។ ឯកឧត្តមបានសម្តែងការជឿជាក់ថា ហ្វីលីពីននឹងកសាងប្រវត្តិសាស្ត្រថ្មីមួយ នៃជម្លោះប្រដាប់អាវុធរវាងកម្ពុជា-ថៃ ដែលនឹងបញ្ចប់ដោយហ្វីលីពីន៕









ដោយ៖ សិលា

administrator

Related Articles