រដ្ឋបាលខេត្តស្ទឹងត្រែង ប្រកាសបិទរដូវនេសាទឆ្នាំ២០២៦ ក្រោយដកហូតមងខុសច្បាប់ជាង ៣ម៉ឺនម៉ែត្រ ក្នុងឆ្នាំកន្លងទៅ

រដ្ឋបាលខេត្តស្ទឹងត្រែង ប្រកាសបិទរដូវនេសាទឆ្នាំ២០២៦ ក្រោយដកហូតមងខុសច្បាប់ជាង ៣ម៉ឺនម៉ែត្រ ក្នុងឆ្នាំកន្លងទៅ

ខេត្តស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្តីជូនដំណឹងជាផ្លូវការ ប្រកាសបិទរដូវនេសាទប្រចាំឆ្នាំ២០២៦ ចាប់ពីថ្ងៃទី០១ ខែឧសភា ដល់ថ្ងៃទី៣០ ខែកញ្ញា ខាងមុខ ក្នុងគោលបំណងធានាការបន្តពូជ និងរីកលូតលាស់នៃធនធានមច្ឆជាតិក្នុងតំបន់ទន្លេមេគង្គ។

រដ្ឋបាលខេត្តស្ទឹងត្រែង

យោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ រដ្ឋបាលខេត្តបានដាក់ចេញនូវបទបញ្ជាម៉ឺងម៉ាត់ ដោយហាមឃាត់ជាដាច់ខាតរាល់ការនេសាទដោយប្រើឧបករណ៍មងគ្រប់ប្រភេទក្នុងភូមិសាស្ត្រខេត្ត។ ទោះយ៉ាងណា ប្រជានេសាទអាចនេសាទជាលក្ខណៈគ្រួសារបាន ដោយប្រើឧបករណ៍ស្របច្បាប់ដូចជា៖ សំណាញ់, លប, សៃយ៉ឺន, អង្រុត, ចាន់, តុម, កញ្ច្រែងដងត្រី និងសន្ទូចផ្លែមួយ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ រាល់សកម្មភាពល្មើសច្បាប់ ជាពិសេសការប្រើឧបករណ៍ឆក់ គ្រឿងផ្ទុះ និងសារធាតុពុល នឹងត្រូវផ្ដន្ទាទោសតាមច្បាប់ដោយគ្មានការលើកលែង។

នាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង

នាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង លោក ស្រី សំវិចិត្រ បានបង្ហាញទិន្នន័យគួរឱ្យកត់សម្គាល់ក្នុងរយៈពេល ១ឆ្នាំ២០២៥ កន្លងទៅ ដោយបានបញ្ជូនជនសង្ស័យទៅតុលាការ ០៨នាក់ ដកហូតមងខុសច្បាប់ប្រវែង ៣៣.៤៩០ម៉ែត្រ និងសន្ទូចរនងចំនួន ១២.២៧៧ផ្លែ ព្រមទាំងដកហូតទូក-ម៉ាស៊ីនចំនួន ២៩គ្រឿង។ លោកបានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចក៏បានដកហូតឧបករណ៍ឆក់ កាំភ្លើងកែច្នៃ និងខ្សែកាបជាច្រើន ព្រមទាំងបានលែងត្រីមេពូជ និងត្រីកំពុងរងគ្រោះថ្នាក់ចូលទន្លេវិញប្រមាណ ៥០គីឡូក្រាមផងដែរ។

ទិន្នន័យបង្ក្រាបបទល្មើសជលផល

ទន្ទឹមនេះ ក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំ២០២៦ បរិមាណផលនេសាទធម្មជាតិសរុបប្រមូលបាន ១.៨៥០ តោន ដកហូតមងលួចលាក់ក្នុងតំបន់ហាមឃាត់បាន ១៨.៦៦៥ម៉ែត្រ និងសន្ទូចរនង ១៥.៧៤៨ផ្លែ ព្រមទាំងធ្វើការអប់រំ និងធ្វើកិច្ចសន្យាជាមួយប្រជានេសាទបាន ៣០នាក់។

ការអប់រំប្រជានេសាទ

លោក ស្រី សំវិចិត្រ បានសំណូមពរដល់ប្រជានេសាទ និងប្រជាជនទាំងអស់ឲ្យគោរពច្បាប់ជលផល និងចូលរួមការពារធនធានធម្មជាតិ ដោយកុំចាប់ ទិញ លក់ និងហូបត្រីកំពុងរងគ្រោះថ្នាក់ ព្រមទាំងចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលទាំងអស់គ្នា។ លោកក៏បានស្នើដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធ ជួយបង្ក្រាប និងទប់ស្កាត់បទល្មើសជលផល ពិសេសកំណត់មុខសញ្ញាប្រព្រឹត្តបទល្មើសដើម្បីនាំមកអនុវត្តតាមនីតិវិធី។

ការប្រកាសបិទរដូវនេសាទ

សូមសាធារណជន ជាពិសេសបងប្អូនប្រជានេសាទទាំងអស់ ត្រូវចូលរួមគោរពច្បាប់ជលផល និងសេចក្តីជូនដំណឹងនេះឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត៕

រដ្ឋបាលខេត្តស្ទឹងត្រែងកិច្ចប្រជុំជលផលសេចក្តីជូនដំណឹងបិទរដូវនេសាទឧបករណ៍នេសាទខុសច្បាប់

ដោយ៖ តារា

administrator

Related Articles