ខេត្តបន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ក្នុងឱកាសទទួលស្វាគមន៍ លោកស្រី Matidlda Bogner តំណាងប្រចាំប្រទេស នៃអង្គការសហប្រជាជាតិសិទ្ធិមនុស្សប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានជម្រាបជូនអំពីស្ថានភាពទូទៅក្រោយពេលដែលយោធាថៃបានបើកការឈ្លានពានមកលើអធិបតេយ្យភាពរបស់កម្ពុជា ពិសេសក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។

ការឈ្លានពាននេះបណ្តាលឱ្យជនស៊ីវិលស្លូតត្រង់ស្លាប់ចំនួន ៩នាក់ របួស ៧៧នាក់ និងខូចខាតលំនៅដ្ឋានចំនួន ២.០១៨ខ្នង។ លោកអភិបាលខេត្តបានបញ្ជាក់ថា ក្រៅពីគ្រោះថ្នាក់ដល់អាយុជីវិត ដីផ្ទះសម្បែងរបស់ពលរដ្ឋនៅតាមបន្ទាត់ព្រំដែន ក៏ត្រូវបានយោធាថៃធ្វើការហ៊ុមព័ទ្ធ និងបំផ្លាញគ្មានសល់ ក្រោយបទឈប់បាញ់លើកទី២ចូលជាធរមាន ធ្វើឱ្យពលរដ្ឋគ្មានសំបែងរស់នៅ។
លោក អ៊ុំ រាត្រី បន្តថា ដោយទទួលបានការយកចិត្តទុកដាក់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានរៀបចំមណ្ឌលសមាគមអតីតយុទ្ធជន នៅឃុំស្លក្រាម ជាជំរកបណ្តោះអាសន្ន ដោយផ្តល់ដីទំហំ ២០មx៣០ម ក្នុងមួយគ្រួសារ លើផ្ទៃដីសរុប ៤០០ហិកតា ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរួមមាន ផ្លូវ ទឹក ភ្លើង សាលារៀន និងមណ្ឌលសុខភាព។
លោកស្រី Matidlda Bogner បានសម្តែងការសោកស្តាយចំពោះការផ្ទុះអាវុធជាលើកទី២ នៅតាមបន្ទាត់ព្រំដែន កាលពីចុងឆ្នាំ២០២៥ បណ្តាលឱ្យពលរដ្ឋស្លូតត្រង់រងគ្រោះ និងត្រូវចាកចេញពីផ្ទះសម្បែង។ លោកស្រីក៏បានធ្វើដំណើរទៅជួបជាមួយប្រជាពលរដ្ឋភៀសខ្លួន នៅជម្រកបណ្តោះអាសន្ន ដែលត្រូវយោធាថៃរាយបន្លាលួសហ៊ុមព័ទ្ធទាំងកម្រោល ធ្វើឱ្យពលរដ្ឋមិនអាចវិលត្រឡប់ទៅរស់នៅវិញបានឡើយ៕
