ខេត្តកំពង់ស្ពឺ៖ កម្លាំងសមត្ថកិច្ចស្រុកបសេដ្ឋ បានបើកប្រតិបត្តិការឆ្មក់បង្ក្រាបល្បែងស៊ីសងបាញ់អាប៉ោង នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៦:០០នាទី ស្ថិតក្នុងភូមិពង្រ ឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយបានឃាត់ខ្លួនមេល្បែងចំនួន ០២នាក់ រីឯអ្នកលេងផ្សេងទៀតបានរត់ចែកជើងគេចខ្លួនបាត់អស់។

លោកមន្ត្រីនគរបាលស្រុកបសេដ្ឋបានឱ្យដឹងថា ការឆ្មក់បង្ក្រាបនេះ ធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានមុខសញ្ញាក្រុមញៀនលេងល្បែងស៊ីសង (បាញ់អាប៉ោង) កំពុងលេងយ៉ាងសកម្មនៅក្នុងភូមិ-ឃុំខាងលើ។ ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញព្រហ្មទណ្ឌបានចុះដល់ទីតាំង និងបង្ក្រាបបានជាក់ស្តែង។

ជនសង្ស័យទាំង០២នាក់ដែលត្រូវបានឃាត់ខ្លួនរួមមាន៖
- ទី១- ឈ្មោះ វ៉ា ខឿន ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិជ្រៃ ឃុំស្វាយចចិប ស្រុកបសេដ្ឋ
- ទី២- ឈ្មោះ ណុប សុីណា ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិត្រពាំងធ្លក ឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ

វត្ថុតាងដកហូតបានរួមមាន៖
- មេអាប៉ោងចំនួន ០៥គ្រាប់
- ចានថ្មទម្របាញ់អាប៉ោង ០១
- កំរាលចាក់អាប៉ោង ០១
- លុយខ្មែរចំនួន ១០មុឺនរៀល

តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង០២នាក់ ពួកគេបានទទួលស្គាល់ថា ពិតជាបានប្រព្រឹត្តលេងល្បែងស៊ីសង (បាញ់អាប៉ោង) មែន។ បច្ចុប្បន្ននេះ ជនសង្ស័យទាំងពីរនាក់ត្រូវបានសមត្ថកិច្ចជំនាញចាត់ការតាមនីតិវិធីច្បាប់បន្តទៀត៕
ដោយ៖ សូរិយា
