ខេត្តបន្ទាយមានជ័យ៖ កម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការរន្ទះបាញ់ ដើម្បីជួយសង្គ្រោះជនជាតិថៃចំនួន ២៨នាក់ ដែលត្រូវបានក្រុមជនល្មើសចាប់បង្ខាំងដោយខុសច្បាប់នៅក្នុងផ្ទះជួលមួយកន្លែង ជាប់ផ្លូវជាតិលេខ ៥៨ ស្ថិតក្នុងភូមិអូរឬស្សីលើ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦។
ប្រតិបត្តិការនេះធ្វើឡើងក្រោមបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំដោយលោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងសុំអន្តរាគមន៍ពីជនរងគ្រោះ។

នៅក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងកងរាជអាវុធហត្ថខេត្ត ដោយបានឃាត់ខ្លួនជនល្មើសជនជាតិថៃម្នាក់បានភ្លាមៗ។ ជនរងគ្រោះជនជាតិថៃទាំង ២៨នាក់ (ក្នុងនោះស្រី ១២នាក់) ត្រូវបានសង្គ្រោះដោយសុវត្ថិភាព។

បច្ចុប្បន្ន កម្លាំងជំនាញកំពុងធ្វើការសាកសួរ និងរៀបចំប្រគល់ជនរងគ្រោះជូនអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីធ្វើការបណ្ដេញចេញពីប្រទេសកម្ពុជា។ ទន្ទឹមនេះ ទីតាំងកន្លែងកើតហេតុត្រូវបានសមត្ថកិច្ចបិទសៀលជាបណ្ដោះអាសន្ន ដើម្បីបន្តការស៊ើបអង្កេតបន្ថែម។

គួរបញ្ជាក់ថា ករណីនេះជាជោគជ័យមួយទៀតរបស់សមត្ថកិច្ច ក្នុងការបង្ក្រាបបទល្មើសជួញដូរមនុស្ស និងការចាប់បង្ខាំងដោយខុសច្បាប់ ខណៈមេក្លោងមួយចំនួនបានរត់គេចខ្លួន ហើយកំពុងត្រូវបានសមត្ថកិច្ចស្រាវជ្រាវតាមចាប់ខ្លួនបន្ត។

សូមសរសើរដល់សមត្ថកិច្ច អាជ្ញាធរ តំណាងអយ្យការ និងមន្ត្រីជំនាញទាំងអស់ដែលបានប្រឹងប្រែងអនុវត្តភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
