ខេត្តស្ទឹងត្រែង៖ រឿងស្នេហាមិនទទួលបានការគាំទ្រពីឪពុកម្តាយ បាននាំឱ្យបុរសវ័យក្មេងម្នាក់ ដែលជាជនជាតិខ្មែរឥស្លាម សម្រេចចិត្តចងកសម្លាប់ខ្លួនបាត់បង់ជីវិតយ៉ាងសោកសៅ បន្ទាប់ពីបាននាំម្តាយទៅមើលអនាគតកូនប្រសាស្រី តែម្តាយមិនពេញចិត្ត។

សពជនរងគ្រោះឈ្មោះ ម៉ាន សុខនី អាយុ ២៧ឆ្នាំ ត្រូវបានគេប្រទះឃើញស្លាប់ក្នុងផ្ទះឈើមួយកន្លែង ស្ថិតនៅភូមិលើ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង កាលពីវេលាម៉ោងប្រហែល ១ និង ២០ នាទីរសៀល ថ្ងៃទី ៣ ឧសភា ២០២៦។
តាមប្រភពព័ត៌មានពីឈ្មោះ ណូ សារី អាយុ ៤១ឆ្នាំ ជាមិត្តភក្តិរបស់ជនរងគ្រោះ បានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី ២ ឧសភា ជនរងគ្រោះបានមកលេងផ្ទះខ្លួន ហើយបានរៀបរាប់ថា ខ្លួនពេញចិត្តនារីម្នាក់ដែលជាជនជាតិខ្មែរឥស្លាមដូចគ្នា ហើយបាននាំម្តាយទៅមើលរួចហើយ តែម្តាយមិនពេញចិត្ត។ បន្ទាប់ពីនិយាយរួច ជនរងគ្រោះក៏ចូលដេកធម្មតា។

នៅវេលាម៉ោង ២ និង ៣០ នាទីអធ្រាត្រ លោក ណូ សារី បានចេញពីផ្ទះទៅផ្សារទិញឥវ៉ាន់ និងទៅលក់នៅតាមភូមិធម្មតា។ លុះមកដល់ផ្ទះវិញវេលាម៉ោង ១ និង ២០ នាទីរសៀល ឃើញទ្វារផ្ទះចំហបន្តិច ក៏រុញច្រានទ្វារចូលទៅ ស្រាប់តែប្រទះឃើញសាកសពមនុស្សចងកស្លាប់ក្នុងផ្ទះ ក៏ប្រញាប់ស្រែកឆោឡោ និងរាយការណ៍ទៅប៉ូលិស។
ស្ត្រីឈ្មោះ ម៉ាន សាលីហាស់ អាយុ ៥៣ឆ្នាំ ត្រូវជាម្តាយជនរងគ្រោះ បានបញ្ជាក់ថា កូនរបស់ខ្លួនពិតជាពេញចិត្តនារីម្នាក់មែន តែរូបគាត់ផ្ទាល់មិនពេញចិត្តទេ។
ក្រោយកម្លាំងសមត្ថកិច្ចជំនាញ រួមមាន នគរបាលព្រហ្មទណ្ឌ នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្រះឬស្សី នគរបាលជំនាញវិទ្យាសាស្ត្រ និងកោសល្យវិច័យ ព្រមទាំងគ្រូពេទ្យកោសល្យវិច័យ បានចុះពិនិត្យសាកសព បានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកសម្លាប់ខ្លួនប្រាកដមែន។ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញា សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ នាំយកទៅធ្វើបុណ្យតាមប្រពៃណីសាសនា៕
