ភ្នំពេញ៖ ក្នុងរយៈពេល៣ខែដើមឆ្នាំ២០២៦ អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានបញ្ជូនប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមប្រកួតក្នុងប្រទេសសរុប២៨ព្រឹត្តិការណ៍ ដណ្ដើមបានមេដាយសរុប២០៨គ្រឿង ក្នុងនោះមានមេដាយមាស៨៤គ្រឿង ប្រាក់៦០គ្រឿង និងសំរឹទ្ធ៦៤គ្រឿង។

ទន្ទឹមនឹងព្រឹត្តិការណ៍ក្នុងប្រទេស ក្រុមប្រឹក្សាកីឡាក៏បានបញ្ជូនកីឡាករជម្រើសជាតិទៅប្រកួតនៅក្រៅប្រទេសចំនួន៧ព្រឹត្តិការណ៍ធំៗ ដណ្តើមបានមេដាយសរុប៦គ្រឿង រួមមានមាស១ ប្រាក់២ សំរឹទ្ធ៣ ព្រមទាំងឈ្នះខ្សែក្រវាត់ចំនួន៦ខ្សែ។
ដើម្បីពង្រឹងគុណភាពកីឡាអាជីព ក្រុមប្រឹក្សាកីឡាបានចាត់បញ្ជូនមន្ត្រីនគរបាលជាតិ៥រូប គ្រូឧទ្ទេស៤រូប និងកីឡាករ៤រូប ចូលរួមវគ្គបណ្តុះបណ្តាលចំនួន៥លើក រួមមានវគ្គអាជ្ញាកណ្ដាលសីដក់ បច្ចេកទេសគ្រូបង្វឹកកីឡាទោចក្រយាន អាជ្ញាកណ្តាលលើកទម្ងន់ បច្ចេកទេសទូកក្ដោង និងវគ្គព័ត៌មានវិទ្យាស្ថិតិកីឡា។
សម្រាប់ត្រីមាសទី២នេះ ក្រុមប្រឹក្សាកីឡាបានដាក់ចេញទិសដៅ៤ចំណុចសំខាន់ៗ រួមមាន៖ ១.រៀបចំការប្រកួតកីឡាវាយសីជើងឯកនគរបាលអាស៊ីអាគ្នេយ៍ (Southeast Asia Police Badminton Championship 2025) ពានរង្វាន់ ស សុខា លើកទី២ ឆ្នាំ២០២៦ ២.រៀបចំវគ្គបំប៉នមន្ត្រីជំនាញ ៣.ចាត់បញ្ជូនមន្រ្ដីនគរបាលជាតិទៅហ្វឹកហាត់ក្នុង និងក្រៅប្រទេស ៤.ត្រៀមអនុវត្តតាមបទបញ្ជាថ្នាក់ដឹកនាំ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ថ្លែងថា លទ្ធផល និងទិសដៅការងារនេះ ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រី គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ដើម្បីជំរុញពង្រឹងគុណភាពកីឡាគ្រប់កម្រិត នាំមកនូវកិត្យានុភាពជូនក្រសួងមហាផ្ទៃ និងសង្គមជាតិ។
គួររម្លឹកថា ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ មានតួនាទីគ្រប់គ្រង ដឹកនាំអង្គភាពកីឡានគរបាលជាតិ ដាក់ចេញយុទ្ធសាស្ត្ររយៈពេលវែង សហការជាមួយវិស័យកីឡាផ្សេងៗ ពិនិត្យសមត្ថភាពកីឡាករ និងលើកសំណើសុំនាយករដ្ឋមន្ត្រីបញ្ចូលក្នុងក្របខ័ណ្ឌកងកម្លាំងនគរបាលជាតិជំនួសមន្រ្តីចាស់ៗ ដោយមិនលើសពី៣០% នៃកងកម្លាំងសរុប។ នេះបើតាមអនុក្រឹត្យស្ដីពីការបង្កើតក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ឆ្នាំ២០២០៕
