ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្ត TOYOTA Prius ពណ៌មាស ពាក់ផ្លាកលេខ ភ្នំពេញ 2BQ-6848 ក្នុងល្បឿនលឿនដោយមិនប្រយ័ត្ន បណ្តាលឱ្យជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១២:៤៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦។ 
មុនពេលកើតហេតុ រថយន្តបានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏រេចង្កូតទៅបុករបាំងថ្មពុះចែកផ្លូវពេញទំហឹង បណ្តាលឱ្យផ្ទាំងថ្មចំនួនមួយផ្ទាំងខ្ទាតទៅផ្លូវម្ខាងទៀត។ 
ចំណែករថយន្តរងការខូចខាតយ៉ាងដំណំនៅផ្នែកខាងមុខខាងឆ្វេង។ ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកធ្វើការវាស់វែង និងយករថយន្តទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ។ 
ដោយ៖ សុខាសែនជ័យ
