ភ្នំពេញ៖ បណ្ឌិត កៅ មុយថង អ្នកវិភាគសង្គម បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាង កម្ពុជា និង ចិន លើវិស័យបញ្ញាសិប្បនិម្មិត (AI) និង យន្តហោះគ្មានមនុស្សបើក (Drone) ដោយលើកឡើងថាជាជំហានប្រវត្តិសាស្ត្រមួយ។

ថ្មីៗនេះ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអបអរសាទរដល់ក្រសួងមហាផ្ទៃកម្ពុជា ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យវិជ្ជាជីវៈនិងបច្ចេកទេសណាននីង ប្រទេសចិន នាទីក្រុងភ្នំពេញ។ ភាគីចិននឹងបន្តគាំទ្រដល់ការផ្លាស់ប្តូរឌីជីថលរបស់កម្ពុជា។
បណ្ឌិត កៅ មុយថង បានលើកឡើងពីអត្ថប្រយោជន៍សំខាន់ៗចំនួន៥រួមមាន៖ ១) ការធ្វើនិម្មាបនកម្មឌីជីថល ដែលឆ្លុះបញ្ចាំងពីការរៀបចំរចនាសម្ព័ន្ធបច្ចេកវិទ្យារបស់កម្ពុជា ២) ផ្តល់ឱកាសបណ្តុះបណ្តាលបច្ចេកទេសពិតប្រាកដលើដ្រូន និង AI ដល់មន្ត្រី និងយុវជនកម្ពុជា ៣) អាចប្រើប្រាស់បច្ចេកវិទ្យាទាំងក្នុងវិស័យស៊ីវិល (ពាណិជ្ជកម្ម កសិកម្ម) និងសន្តិសុខ (ត្រួតពិនិត្យព្រំដែន បង្ក្រាបបទល្មើស) ៤) ការធ្វើទំនើបកម្មកងកម្លាំងសន្តិសុខ ផ្លាស់ប្តូរពីការប្រើកម្លាំងមនុស្សបែបប្រពៃណីទៅជាបច្ចេកវិទ្យាបញ្ជាពីចម្ងាយ និង ៥) ជាយុទ្ធសាស្ត្រផ្លូវកាត់ ដែលកម្ពុជាអាចទាញយកចំណេះដឹងផ្ទាល់ពីចិន ជាពិសេសពីក្រុមហ៊ុនយក្ស Da-Jiang Innovations (DJI)។
ទោះជាយ៉ាងណា លោកបណ្ឌិតក៏បានផ្តល់អនុសាសន៍ថា កម្ពុជាត្រូវត្រៀមខ្លួនលើបញ្ហាសន្តិសុខទិន្នន័យ និងការរៀបចំច្បាប់គ្រប់គ្រងលំហអាកាសឱ្យបានច្បាស់លាស់ ដើម្បីបំពេញចន្លោះប្រហោងផ្នែកច្បាប់ដែលមានស្រាប់។
«ជារួម កិច្ចសហប្រតិបត្តិការនេះ មិនត្រឹមតែជាការជួយជ្រោមជ្រែងផ្នែកបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែក៏ជានិមិត្តរូបនៃ “មិត្តភាពដែកថែប” ដែលជួយឱ្យកម្ពុជាសម្រេចបាននូវ “ភាពម្ចាស់ការបច្ចេកវិទ្យា” នាពេលអនាគត»៕
ប្រភព៖ (CCFR)
