ព្រះសង្ឃ១៩វត្តក្នុងក្រុងបាវិត ប្រគេនបច្ច័យ-ទេយ្យទានជូនកាកបាទក្រហម ត្រៀមជួយប្រជាពលរដ្ឋរងគ្រោះ

ព្រះសង្ឃ១៩វត្តក្នុងក្រុងបាវិត ប្រគេនបច្ច័យ-ទេយ្យទានជូនកាកបាទក្រហម ត្រៀមជួយប្រជាពលរដ្ឋរងគ្រោះ

ខេត្តស្វាយរៀង៖ លោក លឹម សៀងហេង ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងបាវិត លោកស្រី ជួន សុវណ្ណារី ប្រធានគណៈកម្មាធិការអនុសាខាក្រុង និងសហការី នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ បានទទួលបច្ច័យ-ទេយ្យទានពីព្រះសង្ឃទាំង១៩វត្តក្នុងក្រុង ដឹកនាំដោយ ព្រះវិសាលធម្មគណ ទេព វាសនា ព្រះអនុគណក្រុងបាវិត ព្រមទាំងព្រះគ្រូចៅអធិការ គ្រូអាចារ្យ និងគណៈកម្មការវត្តទាំងអស់។

អំណោយដែលប្រគល់ជូននេះ គឺសម្រាប់ត្រៀមឆ្លើយតបដល់ប្រជាពលរដ្ឋនៅពេលមានគ្រោះមហន្តរាយកើតឡើងក្នុងក្រុង។ លោក លឹម សៀងហេង បាននាំមកនូវការផ្តាំផ្ញើថ្លែងអំណរព្រះគុណ និងអរគុណពីសំណាក់លោក ប៉េង ពោធិ៍សា ប្រធានគណៈកម្មាធិការសាខា ចំពោះទឹកព្រះទ័យជ្រះថ្លារបស់ព្រះសង្ឃ គណៈកម្មការវត្ត និងពុទ្ធបរិស័ទទាំងអស់។

លោកប្រធានកិត្តិយសអនុសាខាក្រុង បានសន្យាថា អំណោយទាំងអស់នេះ អនុសាខានឹងធ្វើការបែងចែកជូនដល់ដៃប្រជាពលរដ្ឋដែលរងគ្រោះគ្រប់ៗគ្នា ឲ្យបានទាន់ពេលវេលាស្របតាមព្រះទ័យរបស់ព្រះអង្គជាម្ចាស់ទេយ្យទាន។

អំណោយដែលបានផ្តល់ជូនរួមមាន៖ អង្ករ ៧៩៥គ.ក្រ, ទឹកបរិសុទ្ធ ២៤កេស, ភេសជ្ជៈ ២២កេស, មី ១២កេស, ទឹកត្រី ៣យួរ, ទឹកស៊ីអ៊ីវ ៣យួរ, បន្លុងធំ ៤, សាដក់ ៩ និងបច្ច័យ ២លានរៀល។

ដោយ៖ សុថាន

administrator

Related Articles