ធ្លាក់ខ្មោច! ក្មេងទំនើង ៤នាក់ ជិះម៉ូតូរកធាក់ប្លន់តាមផ្លូវជាតិលេខ៣ ត្រូវនគរបាលប្រើដងឆ័ត្រវាយតប ឃាត់បាន២នាក់ រត់គេច២នាក់

ធ្លាក់ខ្មោច! ក្មេងទំនើង ៤នាក់ ជិះម៉ូតូរកធាក់ប្លន់តាមផ្លូវជាតិលេខ៣ ត្រូវនគរបាលប្រើដងឆ័ត្រវាយតប ឃាត់បាន២នាក់ រត់គេច២នាក់

ខេត្តកណ្តាល៖ ក្រុមក្មេងទំនើង ៤នាក់ ដែលប្រមូលគ្នារៀបចំផែនការជិះម៉ូតូដើរធាក់ប្លន់យកម៉ូតូប្រជាពលរដ្ឋតាមដងផ្លូវជាតិលេខ៣ ត្រូវបានកម្លាំងនគរបាលដេញតាមឃាត់ខ្លួនបាន ២នាក់ និងរត់គេចខ្លួន ២នាក់ បន្ទាប់ពីពួកគេបានប្រើដងឆ័ត្រវាយតបតមកលើសមត្ថកិច្ចអំឡុងពេលរត់គេចខ្លួន។

វត្ថុតាង

ករណីនេះកើតឡើងកាលពីវេលាម៉ោង ២ និង៣០នាទីរំលងអធ្រាត្រ ថ្ងៃទី៣ ឧសភា ២០២៦ ស្ថិតនៅភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនទី១ឈ្មោះ កែវ សំណាង (ហៅង៉ោល) ភេទប្រុស អាយុ១៨ឆ្នាំ និងទី២ឈ្មោះ សុន ណៃស៊ីង ភេទប្រុស អាយុ១៥ឆ្នាំ ដោយអ្នកទាំងពីរគ្មានផ្ទុកសារធាតុញៀនក្នុងទឹកនោមឡើយ និងមានមុខរបរមិនពិតប្រាកដ។

ជនសង្ស័យ

ចំណែកបក្ខពួក ២នាក់ទៀតដែលរត់គេចខ្លួន មានឈ្មោះ ឡុង (ប្រុស) និង ប្រុស រ៉ាឌីន ភេទប្រុស អាយុ១៧ឆ្នាំ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ម៉ូតូ ២គ្រឿង (Honda Dream C125 ពណ៌ខ្មៅគ្មានផ្លាកលេខ និង SUZUKI NEX ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 1HR-1948), ទូរស័ព្ទ iPhone ពណ៌ខ្មៅ ១គ្រឿង និងផ្លាកលេខម៉ូតូ ១សន្លឹក។

វត្ថុតាង

ប្រភពសមត្ថកិច្ចបានបន្តថា កាលពីយប់ថ្ងៃទី២ ឧសភា ២០២៦ ក្រុមជនសង្ស័យបានណាត់ជួបគ្នា ហើយឈ្មោះ ឡុង បានបបួលគ្នាជិះម៉ូតូទៅរកកាប់ប្លន់យកម៉ូតូប្រជាពលរដ្ឋនៅតាមផ្លូវជាតិលេខ៣។ ពេលជិះហួសស្ពានអាកាសចោមចៅ ពួកគេបានឈប់ម៉ូតូប្ដូរគ្នាជិះ ហើយជនសង្ស័យឈ្មោះ ប្រុស រ៉ាឌីន បានរើសយកដងឆ័ត្រនៅតាមផ្លូវកៀបនឹងភ្លៅសម្រាប់ធ្វើជាអាវុធ។

ជនសង្ស័យ

លុះជិះដល់ម្ដុំវត្តស្លែង ពួកគេបានជួបក្រុមក្មេងទំនើងមួយទៀតមានគ្នាប្រមាណ ២០នាក់ ជិះម៉ូតូ ១៥គ្រឿង ដេញវាយក្រុមខ្លួន ទើបពួកគេជិះរត់គេចមកសម្ងំនៅម្ដុំកន្លែងកើតហេតុខាងលើ។ ក្រោយមក ពេលក្រុមជនសង្ស័យជិះម៉ូតូបម្រុងត្រឡប់ទៅភ្នំពេញវិញ ក៏បានជួបជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់រមៀតកំពុងល្បាត។ ដោយមានការសង្ស័យ កម្លាំងប៉ុស្តិ៍បានដេញតាមសួរនាំ តែក្រុមជនសង្ស័យបានព្យាយាមជិះរត់គេច និងបានយកដងឆ័ត្រវាយមកលើសមត្ថកិច្ចថែមទៀត។

វត្ថុតាង

ភ្លាមនោះ ជនសង្ស័យបានផ្ដួលម៉ូតូរត់គេចខ្លួន ប៉ុន្តែត្រូវកម្លាំងនគរបាលឃាត់ខ្លួនបានម្នាក់ឈ្មោះ កែវ សំណាង។ លុះដល់ថ្ងៃទី៣ ឧសភា ២០២៦ កម្លាំងជំនាញព្រហ្មទណ្ឌស្រុកបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ស្រាវជ្រាវឈានដល់ការឃាត់ខ្លួនបក្ខពួកម្នាក់ទៀតឈ្មោះ សុន ណៃស៊ីង យកមកសួរនាំ។

ជនសង្ស័យ

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួន និងបក្ខពួកពិតជាបានរៀបចំផែនការប៉ុនប៉ងវាយប្លន់យកម៉ូតូគេពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់។

វត្ថុតាង
វត្ថុតាង
ជនសង្ស័យ

ដោយ៖ សូរិយា

administrator

Related Articles