ភ្នំពេញ៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីក្របខ័ណ្ឌច្បាប់ដែលត្រូវអនុវត្តចំពោះករណីក្មេងទំនើង នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងយុត្តិធម៌ ដោយមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធជាច្រើន។

លោក កើត រិទ្ធ បានថ្លែងថា មានវិធានការច្បាប់សំខាន់ៗចំនួន៣ ដែលត្រូវដាក់ឱ្យអនុវត្តចំពោះករណីក្មេងទំនើង រួមមាន៖
១. ទោសការងារសហគមន៍ (ច្បាប់មានរួចហើយ)។

២. ការព្យួរទោសសាកល្បង គឺតុលាការសម្រេចផ្ដន្ទាទោស ប៉ុន្តែមិនអនុវត្តទោសនោះទេ ដោយដាក់កាតព្វកិច្ចឱ្យអនុវត្តរយៈពេលបីឆ្នាំ។ ប្រសិនបើសាម៉ីខ្លួនបំពេញការងារបានល្អ អាចទទួលបានការលើកលែងមុនកំណត់។
៣. ការដោះលែងដោយមានលក្ខខណ្ឌ ចំពោះទណ្ឌិតដែលកំពុងជាប់ទោស ដោយអនុវត្តទោសបានចាប់ពី ២/៣ ឡើងទៅ ទើបច្បាប់អនុញ្ញាតឱ្យដោះលែងដោយមានលក្ខខណ្ឌ ដើម្បីបំពេញការងារជាប្រយោជន៍សម្រាប់ខ្លួន និងប្រទេសជាតិ។

សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យលោក កើត រិទ្ធ លោក ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ សិក្សាផ្លូវច្បាប់ទាក់ទងរឿងក្មេងទំនើង ដើម្បីយកក្មេងទំនើងទាំងនោះទៅជួយដល់សកម្មភាពនៅសមរភូមិជួរមុខ។


សម្តេចធិបតីបានថ្លែងបែបនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦។

ដោយ៖ សិលា
