ភ្នំពេញ ៖ ប្រៃសណីយ៍កម្ពុជាបានចេញសេចក្តីជូនដំណឹងជាបន្ទាន់មួយ ដើម្បីអំពាវនាវដល់អ្នកផលិតមាតិការសម្រាប់ផ្សាយ (MMO) និងម្ចាស់គណនី ឬផេកនានាលើបណ្តាញសង្គម ដែលកំពុងរង់ចាំទទួលប្រាក់ចំណូលពីក្រុមហ៊ុន Google ឱ្យមកទទួលលេខសម្ងាត់ (PIN) របស់ខ្លួនជាបន្ទាន់។

យោងតាមប្រភពពីប្រៃសណីយ៍កម្ពុជាបានឱ្យដឹងថា លេខសម្ងាត់ដែលក្រុមហ៊ុន Google ផ្ញើជូនមកសាមីខ្លួនតាមរយៈប្រៃសណីយ៍កម្ពុជា គឺជាតម្រូវការចាំបាច់ដើម្បីទទួលបានទឹកប្រាក់ពីក្រុមហ៊ុន Google។ ទោះបីជាយ៉ាងណា ម្ចាស់គណនី ឬផេកមួយចំនួនពុំមានអាសយដ្ឋានគ្រប់គ្រាន់ និងគ្មានលេខទូរស័ព្ទទំនាក់ទំនង ទើបបុគ្គលិកចែករបស់ប្រៃសណីយ៍មិនអាចយកទៅចែកជូនបាន។
ដូចនេះ ប្រសិនបើបងប្អូនដែលបានឃើញឈ្មោះរបស់ខ្លួនក្នុងបញ្ជីដែលប្រៃសណីយ៍កម្ពុជាបានភ្ជាប់មក សូមមកកាន់បញ្ជរបើកអីវ៉ាន់របស់ប្រៃសណីយ៍កម្ពុជាស្នាក់ការកណ្តាល (វត្តភ្នំ) ដើម្បីទទួលលិខិតដោយនាំយកអត្តសញ្ញាប័ណ្ណ ឬប័ណ្ណសម្គាល់អត្តសញ្ញាណផ្សេងៗមកជាមួយផង ឬអាចទាក់ទងមកកាន់លេខ 2888 (ហៅចូលឥតគិតថ្លៃ) ដើម្បីទទួលបានព័ត៌មានបន្ថែម។
សូមបងប្អូនជួយ SHARE ដើម្បីឱ្យម្ចាស់គណនី ឬផេកនានាបានឃើញ និងឆាប់បានមកបើកយកលេខសម្ងាត់ ដើម្បីទទួលបានថវិកាពីក្រុមហ៊ុន Google ជាប្រញាប់។
ប្រភព ៖ ប្រៃសណីយ៍កម្ពុជា
