ខេត្តកំពង់ចាម៖ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្ដមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ក្នុងការបន្តអនុវត្តវិធានការក្ដៅបង្ក្រាបមុខសញ្ញាក្មេងទំនើងដោយគ្មានការលើកលែងនោះ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៦ និង១៥ នាទី លោកវរសេនីយ៍ឯក យ៉ិល សុផាន់ អធិការនគរបាលស្រុកកោះសូទិន បានដឹកនាំកម្លាំងជំនាញចុះប្រតិបត្តិការល្បាតតាមដងផ្លូវ។

ក្នុងប្រតិបត្តិការនេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាមប្រធ្នោះ បានហៅឈ្មោះ ឈឿន ឧត្តម ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិរកាកោងជើង ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលកំពុងជិះម៉ូតូឌុបប្រពន្ធ ម៉ាកហុងដា ស៊ីប៊ីអ (CBR) បំពាក់បំពង់ស៊ីមាំងកែច្នៃ មកទិញម្ហូបនៅភូមិផ្សារថ្មី ឃុំពាមប្រធ្នោះ ដើម្បីសាកសួរ។

តាមការបញ្ជាក់របស់ម្ចាស់ម៉ូតូថា ខ្លួនទើបតែទិញម៉ូតូនេះពីមិត្តភ័ក្ត្រនៅខេត្តព្រះសីហនុ យកមកជិះនៅផ្ទះខាងប្រពន្ធភូមិរកាកោងជើង។ ក្រោយសាកសួរ សមត្ថកិច្ចបានហៅនាំមកអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងបានដកហូតម៉ូតូម៉ាកហុងដា ស៊ីប៊ីអ (CBR) ពណ៌ស សេរីឆ្នាំ២០១៥ ស្លាកលេខ ព្រះសីហនុ 1D.6418 រក្សាទុកនៅអធិការដ្ឋានរយៈពេល៣ខែ។

ជាមួយគ្នានេះដែរ លោកអធិការក៏បានបន្តដឹកនាំកម្លាំងល្បាតតាមដងផ្លូវក្នុងភូមិសាស្ត្រឃុំពង្រ ក៏ប្រទះឃើញក្មេង១ក្រុមមានគ្នា០៤នាក់ ជិះម៉ូតូ០២គ្រឿងដោយមិនមានស្លាកលេខ (ម៉ូតូវ៉េវអាល់ហ្វាអត់ពន្ធ)។ សមត្ថកិច្ចបានហៅមកសាកសួរនៅអធិការដ្ឋាន ក្រោយពីការសាកសួរដឹងថា ក្រុមក្មេងខាងលើមិនមានពាក់ព័ន្ធបទល្មើស ទើបសមត្ថកិច្ចធ្វើកិច្ចសន្យាអប់រំ និងបានហៅអាណាព្យាបាលមកធានា យកទៅអប់រំបន្ត និងអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះវិញ។

