អាវុធហត្ថព្រះសីហនុ បង្ក្រាបក្រុមឧក្រិដ្ឋជនចិន ចាប់បង្ខាំងជំរិតទារប្រាក់ស្ត្រីរួមជាតិ

អាវុធហត្ថព្រះសីហនុ បង្ក្រាបក្រុមឧក្រិដ្ឋជនចិន ចាប់បង្ខាំងជំរិតទារប្រាក់ស្ត្រីរួមជាតិ

កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបំបែកសំណុំរឿងព្រហ្មទណ្ឌកម្រិតធ្ងន់ ដោយបង្ក្រាបករណីចាប់បង្ខាំងមនុស្សខុសច្បាប់ ជួញដូរមនុស្ស ជំរិតទារប្រាក់ និងករណីគ្រឿងញៀន ឃាត់ខ្លួនជនល្មើសជនជាតិចិនចំនួន ៦ នាក់ ព្រមទាំងជួយសង្គ្រោះស្ត្រីរងគ្រោះជនជាតិចិនម្នាក់បានដោយសុវត្ថិភាព។

អាវុធហត្ថបង្ក្រាបករណី

ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។

វត្ថុតាង

កាលពីថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២៦ ទៀបភ្លឺ កងកម្លាំងការិយាល័យព្រហ្មទណ្ឌបានទទួលបណ្តឹងពីមិត្តភក្តិជនរងគ្រោះអំពីករណីចាប់បង្ខាំងជំរិតទារប្រាក់នៅក្នុងផ្ទះវីឡាមួយកន្លែង ស្ថិតក្នុងភូមិ ១ សង្កាត់លេខ ២ ក្រុងព្រះសីហនុ។ កម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ ប៉ុន្តែជនសង្ស័យបាននាំជនរងគ្រោះរត់គេចខ្លួនបាត់ទៅហើយ។

ក្រោយពីទទួលបានបណ្តឹងនៅវេលាម៉ោង ៨:៣០ នាទី កម្លាំងកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកវរសេនីយ៍ទោ សួ ស៊ន ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ដោយមានការសម្របសម្រួលនីតិវិធីពីលោក វុធ សាវី ព្រះរាជអាជ្ញារង បានបន្តស្រាវជ្រាវរហូតដល់ចំណុចខុនដូរ «ស្ដាបេ» ក្នុងភូមិ ១ សង្កាត់លេខ ៣ ក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យចំនួន ៣ នាក់ (ស្រី ២ នាក់) និងដកហូតរថយន្តម៉ាក MAYBACH SG50 ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ 2AZ-6866 ព្រមទាំងទូរស័ព្ទដៃ ២ គ្រឿង។

វត្ថុតាងដកហូត

លុះដល់វេលាម៉ោង ១១:១០ នាទី ថ្ងៃដដែល កម្លាំងជំនាញបានបន្តស្រាវជ្រាវដល់ចំណុចបុរី «លន់ស៊ីធី» ស្ថិតក្នុងភូមិចំណោតរាម សង្កាត់បិតត្រាំង ក្រុងកំពង់សោម ទើបជួយសង្គ្រោះជនរងគ្រោះជាជនជាតិចិនបានដោយសុវត្ថិភាព ព្រមទាំងឃាត់ខ្លួនជនសង្ស័យចំនួន ៣ នាក់ (ប្រុស) ជនជាតិចិន និងដកហូតទូរស័ព្ទដៃ ៣ គ្រឿង, រថយន្តម៉ាក PRLUS ពណ៌ស ផ្លាកលេខ 2BX-3076, ក្រណាត់បូពណ៌ទឹកមាសរុំថង់ខ្មៅបិទស្គុត ១, និងគ្រឿងញៀនមួយចំនួន។

ឃាត់ខ្លួនជនសង្ស័យ

តាមការស្រាវជ្រាវរបស់កម្លាំងជំនាញ ជនរងគ្រោះត្រូវបានក្រុមឧក្រិដ្ឋជនបោកប្រាស់ឱ្យមកប្រទេសកម្ពុជា ដោយប្រើប្រាស់នារីកំដរធ្វើជាអ្នកទាក់ទងលួងលោមថាជួយរកការងារ។ បន្ទាប់ពីជនរងគ្រោះចាញ់បោកចេញពីប្រទេសម៉ាឡេស៊ីមកកម្ពុជា ក្រុមឧក្រិដ្ឋជនបានរៀបចំរថយន្តទៅទទួលពីព្រលានយន្តហោះ នាំមកឃុំឃាំងក្នុងខុនដូរកណ្តាលទីក្រុង និងជំរិតទារប្រាក់ជិត ៣០ ម៉ឺនយ័ន (ប្រហែល ១០ ម៉ឺនដុល្លារ) ព្រមទាំងបង្ខំរួមភេទ និងប្រើប្រាស់គ្រឿងញៀន។

ក្រុមឧក្រិដ្ឋជនបានបង្ខំឱ្យជនរងគ្រោះទាក់ទងទៅមិត្តភក្តិដែលជានារីដើម្បីបោកបញ្ឆោតមកជំនួស ទើបព្រមដោះលែង។ បន្ទាប់ពីជនរងគ្រោះអស់លុយ ពួកគេបានលក់ជនរងគ្រោះទៅឱ្យក្រុមជនជាតិចិនផ្សេងទៀតក្នុងតម្លៃ ៥ ម៉ឺនដុល្លារទៀត។ បច្ចុប្បន្ន ជនសង្ស័យទាំង ៦ នាក់ និងវត្ថុតាងត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមច្បាប់។

ជនសង្ស័យនិងវត្ថុតាងអាវុធហត្ថបង្ក្រាបវត្ថុតាងជនសង្ស័យ

administrator

Related Articles