រាជធានីភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ស្តីពីលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦ នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួន ក្នុងរយៈពេលពេញមួយឆ្នាំកន្លង រហូតសម្រេចបានសមិទ្ធផលតាមផែនការប្រកបដោយប្រសិទ្ធភាព ពិសេសក្នុងការបណ្តុះបណ្តាល ការចុះបញ្ជីវិស្វករ និងការផ្សព្វផ្សាយនៅតាមក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត។

សមិទ្ធផលគួរឱ្យកត់សម្គាល់នោះគឺ វិស្វករដែលបានចុះបញ្ជីនៅគណៈវិស្វករកម្ពុជា មានសរុបចំនួន ១០ ១៧២នាក់ (ស្រី ៤៧៥នាក់) គិតត្រឹមឆ្នាំ២០២៥ ដែលក្នុងនោះ វិស្វករជាតិមានចំនួន ១០ ១២៨នាក់ (ស្រី ៤៧៥នាក់) និងវិស្វករបរទេសចំនួន ៤៤នាក់ផងដែរ ខណៈដែលវិស្វករដែលទទួលបានការបណ្ដុះបណ្ដាលបង្កើនសមត្ថភាពសរុបមានចំនួន ១៤ ០៦១នាក់ (ស្រី ១ ៣០៧នាក់)។

ក្រៅពីបានផ្សព្វផ្សាយអំពីសារប្រយោជន៍នៃការចុះបញ្ជីវិស្វករនៅតាមក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត គណៈវិស្វករកម្ពុជាក៏បានចែករំលែកចំណេះដឹង ជំនាញ និងបទពិសោធន៍របស់វិស្វករអាជីព ដល់និស្សិត និងកិច្ចប្រជុំដ៏មានសារៈសំខាន់ផ្សេងៗជាមួយអាស៊ានផងដែរ។

អង្គប្រជុំក៏បានលើកឡើងពីបញ្ហាប្រឈម និងបញ្ចេញមតិយោបល់ប្រមូលធាតុចូលលើការអនុវត្ត និងសកម្មភាពការងាររបស់អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជានាឆ្នាំ២០២៥ ដើម្បីរួមគ្នាពិភាក្សា ពង្រឹង និងកែសម្រួលចំណុចខ្វះខាត ដោយធ្វើយ៉ាងណាឱ្យការបំពេញការងារនៃក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ប្រព្រឹត្តទៅកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ជាងមុនសម្រាប់ឆ្នាំ២០២៦នេះ។

ដើម្បីបង្កើនប្រសិទ្ធភាពការងារ ឯកឧត្តម ហេង សួរ បានផ្ដល់នូវអនុសាសន៍ដ៏មានតម្លៃ ជាពិសេសគឺសិក្សាពីមូលហេតុដែលវិស្វករដែលចុះបញ្ជីដំបូងមិនអាចបន្តចុះបញ្ជីជាវិស្វករអាជីព, យកចិត្តទុកដាក់ខ្ពស់ចំពោះវិស្វករដែលបានចុះបញ្ជីរួចហើយ និងខិតខំទាក់ទាញឱ្យមានការចុះបញ្ជីវិស្វករកាន់តែច្រើន។

ក្នុងខណៈដែលតម្រូវការវិស្វករអាជីពកាន់តែច្រើនឡើង និងសំខាន់នៅកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រីក៏បានជំរុញឱ្យអគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជាបង្កើនការផ្សព្វផ្សាយទៅកាន់ក្រុមគោលដៅអំពីសារៈសំខាន់ និងអត្ថប្រយោជន៍នៃការចុះបញ្ជីវិស្វករ ដោយឯកឧត្តមគូសបញ្ជាក់ថា ការផ្សព្វផ្សាយកាន់តែច្រើននឹងធ្វើឱ្យមានការស្គាល់ និងឈ្វេងយល់ពីគណៈវិស្វករកម្ពុជាកាន់តែទូលំទូលាយ។

ក្រៅពីនេះ ឯកឧត្តមក៏បានណែនាំឱ្យកំណត់ទិសដៅអាទិភាព និងបេសកកម្មឱ្យបានច្បាស់លាស់ស្របតាមស្ថានភាពសង្គម, ពិនិត្យ និងធ្វើបញ្ជីច្បាប់ពាក់ព័ន្ធផ្នែកវិស្វកម្ម ដើម្បីបញ្ចូលទៅកម្មវិធីសិក្សា ក៏ដូចជាពង្រឹងគុណភាពមន្ទីរពិសោធន៍ ព្រមទាំងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធទាំងក្នុងនិងក្រៅប្រទេស៕

